ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ វ៉ាក់សាំង ទាំងបញ្ជាទិញ-ជំនួយ យន្តការនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ លោកបានថ្លែងយ៉ាងដូច្នេះថា, ការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈការបញ្ជាទិញ ក៏ដូចជាតាមរយៈយន្តការជំនួយនានា ជាពិសេសពីរដ្ឋាភិបាលចិន បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការអន្តរជាតិល្អរបស់រាជរដ្ឋាភិបាលនិយាយជារួម និងចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន និយាយដោយឡែក ដែលយន្តការនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

លោកលើកឡើងថា, ទន្ទឹមនឹងការមកដល់នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលមិនបង្អែរបង្អន់យូរឡើយ ដោយបានធ្វើការកំណត់គោលដៅអាទិភាពផ្តល់ជូនប្រជាពលរដ្ឋក្នុងតំបន់ដែលប្រឈមខ្ពស់ ជាពិសេសគឺប្រជាពលរដ្ឋក្នុងតំបន់ក្រហម នៃភូមិសាស្ត្រដែលកំពុងស្ថិតក្រោមការបិទខ្ទប់។ យន្តការដ៏ត្រឹមត្រូវទាំងនេះ ពិតជាបានផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះសមត្ថភាពដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិ។

យើងសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មមាញឹករបស់រាជរដ្ឋាភិបាល រួមជាមួយការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការទទួលវ៉ាក់សាំង នឹងជួយឱ្យយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ដ៏អាក្រក់នេះ បានកាន់តែឆាប់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖