ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងក្បែរផ្សារសូរិយ៉ាម៉ល​ ​បណ្ដាលឲ្យស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតធ្វេីដំណេីរយ៉ាងលឿនមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យស្លាប់​ម្នាក់​ របួសធ្ងន់ម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ច​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ ២០២១ ស្ថិតនៅក្បែរផ្សារសូរិយ៉ាម៉ល តាមបណ្ដោយផ្លូវ១៥៤ កែងនឹងផ្លូវ៥៣​ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ​ ហេង ទ្រី​ ភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AP-3805ធ្វើដំណើរតាមបណ្តោយផ្លូវ ១៥៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៥៣ ដោយខ្វះការប្រុងប្រយ័ត្ន ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IK-9432ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម​ស៊េរី២០១៤​ ពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូសង់០១៤ ដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកអ្នកជិះម៉ូតូហុងដាឌ្រីម០២១បានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖