ខេត្តកំពង់ស្ពឺ៖ បុរសចិត្តភ្លើងម្នាក់ដោយសារខឹងប្រពន្ធ បានចាក់សាំងដុតផ្ទះខ្លួនឯងឆេះម៉ត់ ហើយថែមទាំងឆេះផ្ទះ អ្នកជិតខាង១ខ្នងទៀត រួចគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅ ចំណុចភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យខូចខាតផ្ទះចំនួន២ខ្នង។
សមត្ថកិច្ចនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ផ្ទះទី១មានម្ចាស់ឈ្មោះជួង វិត ភេទប្រុស អាយុ៤២ឆ្នាំប្រពន្ធឈ្មោះយិន ចិន អាយុ៣៧ឆ្នាំ ទំហំ6×8ម៉ែត្រដំបូលប្រក់ក្បឿងជញ្ជាំងឈើនិងផ្ទះបាយ១ខ្នងទំហំ5×6ម៉ែត្រដំបូលប្រក់ ស័ង្កសីជញ្ជាំងឈើផ្ទាល់ដីឆេះម៉ត់រួមជាមួយម៉ូតូសង់កូរ៉េមួយគ្រឿងគ្រែដេក១ គ្រឿង អង្ករ៣៥០គីឡូនិងសម្ភារៈប្រើប្រាស់ឆេះទាំងស្រុង។
ឯផ្ទះទី២ជាផ្ទះអ្នកជិតខាងម្ចាស់ផ្ទះឈ្មោះស៊ូ សុខ ភេទប្រុសអាយុ៧១ឆ្នាំប្រពន្ធឈ្មោះយឹមជឿន អាយុ៦៦ឆ្នាំ ផ្ទះខ្ពស់ទំហំ7×8ម៉ែត្រដំបូលប្រក់ក្បឿងជញ្ជាំងឈើឆេះអស់ និងផ្ទះបាយ១ ខ្នងទំហំ5×6ម៉ែត្រដំបូលប្រក់ស័ង្កសីជញ្ជាំងឈើផ្ទាល់ដីឆេះអង្ករ៥០គីឡូក្រាមគ្រែដេក១ ទូខោអាវ១និងសម្ភារប្រើប្រាសឆេះទាំងស្រុង។
ប្រភពដដែលបានឲ្យដឹងទៀតថាករណីខាងលើមិនបណ្ដាលឲ្យគ្រោះថ្នាក់មនុស្សនិងសត្វឡើយ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ បណ្ដាលមកពីឈ្មោះជួង វិត ជាអ្នកដុតដោយសារឈ្លោះជាមួយប្រពន្ធរួចខឹងប្រពន្ធក៏ចាក់សាំងដុតរួចគេចខ្លួនបាត់។
ករណីនេះដែរសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង(រថយន្តស្រុក១គ្រឿង)ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង១៤និង៤០នាទី។
ចំណែកជនដៃដល់ដុតផ្ទះ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕
ដោយ ៖ ប្រាថ្នា