ភ្នំពេញ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ដ៏ចាំបាច់នៃយន្តការកិច្ចប្រជុំកំពូលអាស៊ានបូកប៊ី (AFT) សម្រាប់គោលដៅរយៈពេលវែងនៃការកសាងសហគមន៍អាស៊ីបូព៌ា ដែលមានអាស៊ានជាកម្លាំងចលករ។ ថ្នាក់ដឹកនាំក៏បានទទួលស្គាល់ផងដែរនូវការរួមចំណែកដ៏មានសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ាន បូកបី (APT) ឆ្ពោះទៅសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការ តភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្ម អាស៊ាន (IAI) ដំណាក់កាលទី៤ និងសមាហរណកម្មតំបន់ដែលកាន់តែស៊ីជម្រៅនៅអាស៊ីបូព៌ា។
កិច្ចប្រជុំកំពូលបានកោតសរសើរនូវវឌ្ឍនភាពប្រកបដោយអត្ថន័យនៅក្នុងការអនុវត្តផែនការការងារ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) និងបានអំពាវនាវឱ្យធ្វើការអភិវឌ្ឍផែនការការងារ ជំនាន់ថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (AFT) សម្រាប់ឆ្នាំ ២០២៣-២០២៧ និងការអនុម័ត ផែនការការងារនេះ នៅក្នុងឆ្នាំ២០២២។ ជាងនេះទៅទៀត កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពដែល សម្រេចបាននៅក្នុងការអនុវត្តផែនការសកម្មភាពអាស៊ានបូកបី (APT) ស្តីពីការកាត់បន្ថយផលប៉ះ ពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ ដើម្បីធានាបាននូវការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ និងពង្រឹងភាពធន់ន សេដ្ឋកិច្ចតំបន់។
ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពន្លឿននីតិវិធីផ្ទៃក្នុងប្រទេសរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវការចូលជាធរមាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅខែមករា ឆ្នាំ ២០២២ ។ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់បន្ថែមទៀតលើភាពចាំបាច់ក្នុងការជួយដល់ ប្រជាពលរដ្ឋ និងធុរកិច្ច ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេស សហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្រុមធុរកិច្ច និងក្រុមដែលងាយរងគ្រោះ តាមរយៈការសម្រួល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរក្សាបាននូវប្រតិបត្តិការ និងលើកកម្ពស់ភាពប្រកួតប្រជែង សុខ សមាហរណកម្មរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចឌីជីថលការអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ថ្នាក់ដឹកនាំក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងជំរុញ ការទទួលបាន និងចែកចាយនូវវ៉ាក់សាំងដែលមានសុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ក្នុងចំណោមប្រទេសអាស៊ានបូកបី (AFT)។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការចល័តរបស់និស្សិត បណ្ដាញសុវត្ថិភាពហិរញ្ញវត្ថុ សន្តិសុខស្បៀង ការត្រៀមបម្រុងស្រូវប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុ។
ថ្នាក់ដឹកនាំ ក៏បានពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភសម្រាប់សន្តិភាព និង សន្តិសុខក្នុងតំបន់ រួមមានស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងការរំសាយអាវុធនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ ជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា យន្តការអាស៊ានបូកបី គឺជាកម្លាំងចលករដែលមិន អាចខ្វះបានសម្រាប់ការឆ្លើយតបនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព។ ទោះបីជាមានជំងឺរាតត្បាត ក្តី ក៏តំបន់អាស៊ានបូកបីនៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ និងពិភពលោក ទាំងមូល។
– សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តប្រទេសបូកបីឱ្យពង្រីកការគាំទ្រកាន់តែខ្លាំងជាងមុនដល់គំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED ស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (RRMS) ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងក្របខ័ណ្ឌរៀបចំ ច្រកធ្វើដំណើរអាស៊ាន (ATCAF)។ សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសអាស៊ានបូកបី (APT) ពន្លឿនដំណើរការផ្ដល់ សច្ចាប័ន ដើម្បីបើកផ្លូវដល់ការអនុវត្តឱ្យបានឆាប់នៃកិច្ចព្រមព្រៀង ដើម្បីអាចទាញយកផលប្រយោជន៍ សេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈការធ្វើឱ្យពាណិជ្ជកម្មមានសកម្មភាពសកម្មឡើងវិញ។
សម្តេចតេជោនាយករដ្ឋមន្តី បានអំពាវនាវឱ្យដាក់បញ្ចូលវិស័យអាទិភាពទាំង៤ទៅក្នុងផែនការ ការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (AFT) ជំនាន់ថ្មី ២០២៣-២០២៧ រួមមាន ១) សន្តិសុខ សុខភាពសាធារណៈ ២) ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រូតូច និងមធ្យម (MSMEs) ៣) ផលិតកម្មកសិកម្មដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និង ៤) ថាមពលប្រកបដោយចីរភាព៕
ដោយ ៖ សិលា