ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ ផ្សារបន្ទាយស្រីកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីបណ្តើរៗហើយ!

ចែករំលែក៖

ខេត្តសៀមរាប ៖ ពិនិត្យវឌ្ឍនភាពគម្រោងកែលម្អផ្សារសហគមន៍៖ ផ្សារបន្ទាយស្រីកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីបណ្តើរៗហើយ! ពិតមែនតែមិនទំនើបស្រស់ស្អាតដូចផ្សារដែលទើបនឹងសង់ឡើងថ្មីៗ តែអនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នឹងត្រូវបានធ្វើឱ្យប្រសើរឡើងវិញទាំងស្រុងនៅក្នុងការជួសជុលលើកនេះ។ នេះជាការថ្លែងរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។

លោកអភិបាលស្រុកវ័យក្មេង តែមិនមែនក្មេងសេចក្តី បានលើកឡើងថា, នៅចាំបានថា ខ្ញុំបានមកដល់ផ្សារមួយនេះក្នុងខែដំបូងដែលខ្ញុំបានមកបំពេញតួនាទីនៅក្នុងស្រុកបន្ទាយស្រីកាលពី២ឆ្នាំមុន។ ស្ថានភាពផ្សារនៅពេលនោះពិតជាពិបាកនឹងបរិយាយមែនទែន គគ្រិចក៏គគ្រិច ទ្រុឌទ្រោមក៏ទ្រុឌទ្រោម ហើយថែមទាំងតូចចង្អៀតគ្មានសណ្តាប់ធ្នាប់ទៀតផង មិនស័ក្តិសមជាផ្សារនៅក្នុងស្រុកទេសចរណ៍ទាល់សោះ។
លោកបន្តថា, ខ្ញុំបានលើកឡើងពីលទ្ធភាពជួសជុលកែលម្អផ្សារសហគមន៍មួយនេះតាំងពីពេលនោះ តែគណៈគ្រប់គ្រងផ្សារបានប្រាប់ថា ផ្សារនេះស្ថិតនៅក្នុងតំបន់១នៃតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ច្បាប់តឹងណាស់ ហើយម្យ៉ាង បើផ្អាកជួសផុលក៏មិនដឹងត្រូវរើពួកគាត់ទៅណាដែរ ថែមទាំងគ្មានថវិកាទៀត។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរម្លឹកថា, ២ឆ្នាំបានកន្លងផុតទៅ កូវីដក៏បានផ្ទុះឡើងនៅក្នុងផ្សារដែលនាំឱ្យមានការផ្អាកផ្សារទាំងមូលជាបណ្តោះអាសន្ន ហើយអ្នកលក់ទាំងអស់ត្រូវបង្ខំចិត្តទៅលក់ដូរនៅលើទីតាំងផ្សារក្រមួនដែលរៀបចំដោយរដ្ឋបាលស្រុកនៅខាងក្រៅវិញ បង្កើតបានជាឱកាសមួយដ៏កម្រសម្រាប់ការជួសជុលកែលម្អឡើងវិញ។ តែត្រឹមឱកាសតែមួយមុខមិនគ្រប់គ្រាន់នោះទេ ប្រសិនបើមិនមានការចូលរួមវិភាគទានថវិកាពីបងប្អូនអាជីវករនៅក្នុងផ្សារ សប្បុរសជន និងការយល់យោគខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យការផ្លាស់ប្តូរមួយនេះអាចកើតមានឡើងបាន។

លោកបន្តថា, ជាថ្មីម្តងទៀត ក្នុងនាមជាអភិបាលនៃស្រុកមួយដែលមានភូមិជាច្រើនស្ថិតនៅក្រោមតំបន់អភិរក្ស ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើសុំជំនួសសហគមន៍របស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្សារសហគមន៍ដ៏ចាស់ទ្រុឌទ្រោមមួយនេះអាចដំណើរការជួសជុលកែលម្អឡើងវិញបាន ហើយក៏សូមថ្លែងអំណរគុណដល់បងប្អូនអាជីវករនៅក្នុងផ្សារ និងសប្បុរសជនទាំងអស់ ដែលចូលរួមយ៉ាងផុសផុលសម្រាប់ប្រយោជន៍រួមរបស់សហគមន៍យើងទាំងអស់គ្នា៕

ដោយ៖ សិលា


ចែករំលែក៖