ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយនាយឧត្តមសេនីយ៍ មីន អោង ឡាំង (Min Aung Hlaing) មេដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។

   តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានគូសបញ្ជាក់ និងអំពាវនាវដល់លោក Min Aung Hlaing នូវ៤ចំណុចសំខាន់ៗដូចខាងក្រោម ៖

   ១-សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យលោក Min Aung Hlaing ខិតខំអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន០៥ចំណុចនោះ ដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ។

   ២-សម្តេចតេជោស្នើសុំឱ្យលោក Min Aung Hlaing បង្កលក្ខណៈធ្វើយ៉ាងណា អាចឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូងនាពេលខាងមុខនេះ ។

   ៣-អំពាវនាវសុំឱ្យភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់នាពេលខាងមុខនេះ។ 

   សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមជាប្រធានអាស៊ានបានសម្ដែងនូវការព្រួយបារម្ភចំពោះអំពើហិង្សាក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧- ៨ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ។ ដោយសម្ដេចតេជោស្នើសុំធ្វើយ៉ាងណាឱ្យភាគីទាំងអស់បង្ហាញនូវភាពអត់ធ្មត់ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ។ 

   ៤-សម្តេចតេជោបានអំពាវនាវ និងអញ្ជើញ លោក Min Aung Hlaing ចូលរួមជាមួយបណ្ដាប្រទេសអាស៊ានក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនប្រទេសមីយ៉ាន់ម៉ាដែលត្រូវការជំនួយជាចាំបាច់ ដូចអ្វីដែលសម្ដេចតេជោធ្លាប់បានលើកឡើងជាមួយលោក Min Aung Hlaing កាលពីពេលកន្លងទៅនេះ៕

                            

ដោយ ៖ សិលា


ចែករំលែក៖