ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសហគ្រាសឱសថកម្ពុជា ចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ជាមួយទូតចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (តាមលក្ខណៈ Hybrid​ ​ដោយផ្ទាល់​ និងប្រព័ន្ធវីដេអូ​)​ ស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត នៅកម្ពុជា ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន  ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកស្រី ជឹង​ សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសហគ្រាសឱសថកម្ពុជា។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៦២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៣,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៦,៩០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៤,០២%៕

ដោយ ៖ សិលា


ចែករំលែក៖