ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធស្ថានីយ៍ប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍ “ព្រុំស្រី”ដែលស្ថិតនៅក្នុង ភូមិព្រុំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសហគមន៍ត្រូវចូលរួមឲ្យសកម្មក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
លោកបានបន្ថែមថា សមិទ្ធផលទឹកស្អាតនៅពេលនេះដោយសារ ប្រទេសជាតិយើងមានកាអភិវឌ្ឍន៍លើគ្រប់វិស័យ តាំងពីទីក្រុងរហូតដល់ជនបទ ហើយក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូណ៌ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពេញទំហឹងរបស់អង្គការទស្សនពិភពលោក។
ជាមួយនេះផងដែរលោក សាយ គឹមឡម បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារត្រូវប្រើប្រាស់ទឹកស្អាតឲ្យបានគ្រប់ៗគ្នា ជាពិសេសរដ្ឋបាលឃុំរុងរឿង ត្រូវយកចិត្តទុកដាក់ក្នុងការតបណ្តាញទឹកស្អាតជូនពួកគាត់ឲ្យបានគ្រប់ៗគ្នាជាពិសេសគ្រួសារក្រីក្រ ស្ត្រីមេម៉ាយ និងគ្រួសារងាយរងគ្រោះ។
លើសពីនេះលោកអភិបាលស្រុក បានណែនាំដល់គណកម្មការគ្រប់គ្រងស្ថានីយ៍ទឹកស្អាតនេះត្រូវធ្វើការគ្រប់គ្រងប្រកបដោយតម្លាភាពនិងមានគណនេយ្យភាពត្រឹមត្រូវទើបស្ថានីយ៍មានការរីកចំរើន។
ជាចុងបញ្ចប់ លោក សាយ គឹមឡម បានជំរុញឲ្យរដ្ឋបាលឃុំរុងរឿង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព ត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយនិងចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនពលរដ្ឋក្នុងឃុំរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ទឹកស្អាតសហគមន៍ “ព្រុំស្រី ” សម្រាប់ផ្គត់ផ្គង់និងប្រើប្រាស់លើភូមិ៣ មានភូមិព្រុំស្រី ភូមិស្វាយរៀង និងភូមិកន្តុងរ៉ុង ដែលមាន អ្នកប្រើប្រាស់សរុបចំនួន៥២៤គ្រួសារ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការទស្សនពិភពលោក និងប្រើប្រាស់ថវិកាសរុបរួមចំនួន៤០៥,៧៨៩,៤០០រៀល និងមានថវិកាបដិភាគរបស់មន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ធំចំនួន១៤,០០០,០០០រៀល និងថវិកាសហគមន៍ចំនួន៥០,៧៨៩,៤០០រៀល ៕
ដោយ៖សហការីកំពង់ធំ