ខេត្តពោធិ៍សាត់៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែកក្រគរ លោកនាយសង្កាត់ សហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកវរសេនីយ៍ឯក គុជ សុភាព តំណាងអគ្គស្នងការនគរបាលជាតិ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នគរបាលសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន៣៩នាក់ និងកាណូតចំនួន ៦គ្រឿង កាលពីថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ បានចុះល្បាតនិងអធិការកិច្ចចាប់ពីឃុំកំពង់លួងរហូតដល់ចំណុចជ្រោយស្ដី ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក សៀន វិរ: នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះចុះពិនិត្យ នូវកិច្ចសន្យាសម្របសម្រួល ដោះស្រាយរវាងក្រុមការងារថ្នាក់ជាតិ-ក្រោមជាតិ និងប្រជានេសាទ ទាំង៤៧គ្រួសារ អំពីការបញ្ឈប់ការធ្វើនេសាទខុសច្បាប់(របាំងបរ)ដែលកិច្ចព្រមព្រាងទុករយៈពេល៥ថ្ងៃ ឲ្យប្រជានេសាទរុះរើដោយខ្លួនឯង គិតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែសីហា ឆ្នាំ ២០២២។
ក្រោយពីចុះពិនិត្យជាក់ស្ដែង និងអធិការកិច្ចរួច ប្រជានេសាទទាំង៤៧គ្រួសារបានរុះរើដោយខ្លួនឯងអស់ចំនួន៩៥% តាមកិច្ចសន្យា ដោយនៅសេសសល់ចំនួន ០៤របាំងមិនទាន់រុះរើអស់នោះ ត្រូវបានក្រុមការងារធ្វើការរុះរើ និងបំផ្លាញចោល ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាបបទល្មើសជលផលចំនួន០១ករណី ជាមួយនឹងវត្ថុតាងរួមមាន៖ -របាំងសាច់អួនចំនួន០៤ខ្សែ ប្រវែង៤៥០០ម៉ែត្រ -ក្បាលបរចំនួន០៤គ្រឿង -បង្គោលចំនួន៨០ដើម -កូនត្រីចម្រុះចំនួន ៨៥គីឡូក្រាម ។
លោកវរសេនីយ៍ឯក សៀន វិរ: បានបន្តទៀតថា ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះយើងបំផ្លាញចោលនៅហ្នឹងកន្លែង និងបានលែងកូនត្រីចម្រុះចំនួន៨៥គីឡូក្រាមចូលក្នុងទឹកទន្លេវិញ ក្រុមការងារបានណែនាំដល់អាជ្ញាធរឃុំឲ្យជួយផ្សព្វផ្សាយបន្ដ ចំពោះប្រជានេសាទដែលប្រើឧបករណ៍នេសាទខុសច្បាប់ ដោយបញ្ឈប់សកម្មភាព កុំឲ្យមានការខាត់បង់ ព្រោះជារដូវបិទនេសាទ ៕
ដោយ៖សហការី