ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន​ ទទួលជួបពិភាក្សាជាមួយតំណាងអង្គការអភិរក្សអន្តរជាតិ (CI) លើវឌ្ឍនភាពនៃការរៀបចំគម្រោងរេដបូក (REDD+) នៅឧទ្យានជាតិភ្នំក្រវាញកណ្ដាល

ចែករំលែក៖

 ភ្នំពេញ​៖​ នេះបើ​យោង​តាមប្រភពព័តឳមានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា បានទទួលជួបជាមួយតំណាងអង្គការអភិរក្សអន្តរជាតិ (CI) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំគម្រោងរេដបូក (REDD+) នៅឧទ្យានជាតិភ្នំក្រវាញកណ្ដាល និងឱកាសថ្មីៗពាក់ព័ន្ធនឹងការងាររេដបូក​ កាលពីម្សិលមិញនេះ​ នៅទីស្ដីការក្រសួងបរិស្ថាន។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ កិច្ចប្រជុំបានពិភាក្សា បានផ្តោតលើចមណុចសំខាន់ៗមួយចំនួនដូចជា៖ 

១. អង្គការ CI បានណែនាំពីនាយកប្រចាំប្រទេសកម្ពុជាគឺ លោក អ៊ុម សូនី ដែលនឹងជំនួសលោកស្រី Srabani Roy ត្រូវផ្លាស់ប្ដូរទៅជា Senior Director Public Partnership for CI Asia and Pacific Devision ។ 

២. ក្រសួងបរិស្ថាននឹងបន្តពិភាក្សាគ្នាជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) និងអង្គការ CI ជុំវិញគម្រោងរេដបូកភ្នំសំកុស ដែលក្រសួងបរិស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយអង្គការ WA ដោយរួមបញ្ចូលទាំងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញស្ថិតនៅក្នុងឧទ្យានជាតិភ្នំក្រវាញកណ្ដាលទៅក្នុងតំបន់អនុវត្តគម្រោងរេដបូកភ្នំសំកុស។

 

៣. ក្រុមការងារនឹងរៀបចំរបាយការណ៍ និងគោរពស្នើសុំមតិណែនាំពីឯកឧត្តមរដ្ឋមន្រ្តីពាក់ព័ន្ធទៅនឹងការស្នើសុំរបស់ក្រសួងបរិស្ថាននៃប្រទេសប៉េរូ និងប្រទេសហ្កូតាម៉ាឡា ដែលមានបំណងចង់បង្កើតទំនាក់ទំនងជាសមភាគីជាមួយក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា នៅអំឡុងពេលនៃកិច្ចប្រជុំ COP27 ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅប្រទេសអាហ្ស៊ីប តាមរយៈការរៀបចំសិក្ខាសាលាខ្លីពាក់ព័ន្ធនឹងការងារ REDD+ Nesting និងការចូលរួមជាសមាជិកនៅក្នុងក្រុមការងារ REDD+ Nesting Working Group៕

ដោយ​៖សហការី​


ចែករំលែក៖