ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងកាត់ផ្ដាច់ស្ពានទំនប់ចាក់ទឹមជាលើកទី៣ មិនអាចឱ្យឆ្លងកាត់បាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្ពានធ្វើដំណើរបណ្ដោះអាសន្ននៅទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុសបានរងការផ្ដាច់ជាថ្មីម្ដងទៀតបន្ទាប់ពីជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី១១ខែ មករា ឆ្នាំ២០២៣។

មន្ត្រីរដ្ឋបាលស្រុកទឹកផុសបានឱ្យដឹងថានៅយប់ថ្ងៃទី ១១ខែមករា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតជំនន់ទឹកភ្លៀង បុកផ្តាច់ស្ពាន ដែលកសាងបណ្ដោះ សម្រាប់ការធ្វើដំណើរឆ្លងកាត់ជាថ្មីម្ដងទៀត ដែលនេះជាការដាច់លើកទី៣ហើយ។ ការដាច់ស្ពានឆ្លងកាត់នេះបណ្ដាលឱ្យជួបបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ និងសិស្សទៅមកសាលារៀនពិសេសសម្រាប់ភ្ញៀវទេសចរណ៍ដែលតែងតែទៅកំសាន្តនៅទឹកធ្លាក់ថ្មក្រាល ។

យ៉ាងនេះក្តីមន្ត្រីរដ្ឋបាលសាលាស្រុកទឹកផុស អះអាងថានឹងតភ្ជាប់ឡើងវិញនៅពេលដែលទឹកស្រកអស់។

គួរបញ្ជាក់ដែរថា ទំនប់ចាក់ទឹមគឺជាទំនប់មួយដែលកសាងឡើងក្នុងសម័យខ្មែរក្រហមសម្រាប់ស្ទាក់ទឹកយកទៅធ្វើស្រែ ។ ក្រោយមកទំនប់មួយនេះបានក្លាយ ទៅជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋនិងបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរទៅកាន់រមណីយដ្ឋានថ្មក្រាលផងដែរ។ ប៉ុន្តែក្រោយពីមានការទប់បិទជាបណ្ដោះ អាសន្ន ផ្លូវទឹកមួយនេះសម្រាប់ការសាងសង់ធារាសាស្ត្រថ្មីមួយនិងបានបង្វែផ្លូវទឹកថ្មី ជំនួសវិញ ពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ មុខទឹកថ្មីមិនអាចទ្រទ្រង់បាន ទើបបណ្ដាល ឲ្យបាក់ដាច់ ទំនប់ចាក់ទឹម កាលយប់ថ្ងៃទី២០ខែ កក្កដា ឆ្នាំ២០២២។

ក្រោយពេលទំនប់ចាក់ទឹមបាក់កាត់ផ្ដាច់មិនអាចធ្វើ ដំណើរបាន អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបាន កសាងស្ពានបណ្ដោះអាសន្នសម្រាប់ឲ្យប្រជាពលរដ្ឋនិងសិស្ស ធ្វើដំណើរឆ្លងកាត់ ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ទៅតំបន់ទឹកធ្លាក់ថ្មក្រាលផងដែរ។ យ៉ាង នេះក្តីការកសាងស្ពានថ្មីនេះបានបាក់ម្ដងជាពីរដងហើយរាប់ទាំងយប់ថ្ងៃទី១១ខែមករានេះ គឺជាការកាត់ផ្ដាច់លើកទី៣ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖