ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងស្នងការដ្ឋានខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងខណ្ឌកំបូលចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែងឃាត់ជនសង្ស័យ៣នាក់

ចែករំលែក៖

    ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ រួមជាមួយកម្លាំងខណ្ឌកំបូល ចុះបង្ក្រាបទីតាំងជួសជុលម៉ូតូ បញ្ចាំ និងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវចូលវត្តជន្លង់ម្លូ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលទិញម៉ូតូនិចមួយគ្រឿង ដែលជនសង្ស័យធ្វើសកម្មភាពលួចចេញពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

    ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចុះទៅធ្វើការត្រួតពិនិត្យ ឆែកឆេរ ទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ជាអ្នកទទួលផលចោរកម្ម សរុបឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ។

    តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ ជឹម មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1T-8627 ចេញពីភូមិច័ន្ទនិម្មិត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានម្ចាស់ជាជនរងគ្រោះឈ្មោះ ទឹម ទុយ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។

    ប្រភពបន្តទៀតថា ក្រោយពីជនសង្ស័យលួចម៉ូតូបានសម្រេចហើយ ក៏ជិះរត់គេចតាំងពីខេត្តត្បូងឃ្មុំ ចូលរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងស្នងការដ្ឋានខេត្តត្បូងឃ្មុំ ស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យ នៅវេលាម៉ោង៤រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យយកម៉ូតូទៅលក់ត្រង់ផ្ទះទទួលបញ្ចាំទិញខាងលើ ហើយវិលចូលស្រុកវិញនាំទៅសាកសួរទើបបែកធ្លាយ រហូតដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងទទួលទិញម៉ូតូចោរកម្ម រហូតឈានដល់ឃាត់ខ្លួនបាន២នាក់បន្ថែមទៀត ម្នាក់ឈ្មោះ ម៉េង ស៊ា ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ទីតាំង អ្នកទទួលទិញនិងបញ្ចាំ និងម្នាក់ទៀតជាជាងជួសជូលម៉ូតូ រស់នៅផ្ទះខាងលើ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុប៣នាក់ ម្នាក់ជាជនសង្ស័យលួច ២នាក់ទៀតជាអ្នកទទួលផលចោរកម្ម ។

    ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបានទាំង៣នាក់ និងដកហូតម៉ូតូនិចមកវិញ សមត្ថកិច្ចនាំទៅសាកសួរនិងកសាងសំណុំរឿងនៅស្នងការដ្ឋានខេត្តត្បូងឃ្មុំតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖