ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យដាក់ថ្នាំយកម៉ូតូពីសិស្សសាលាគេចខ្លួនដោយសុវត្ថិភាពនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរបន្ទាប់ពីមានករណីជនសង្ស័យដាក់ថ្នាំយកម៉ូតូពីសិស្សសាលាហើយគេចខ្លួនដោយសុវត្ថិភាព។

   ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខាងក្រោយមន្ទីរពេទ្យខេត្តស្វាយរៀង ស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ក្មេងសិស្សសាលារងគ្រោះដែលជនសង្ស័យឆបោកហើយដាក់ថ្នាំមានឈ្មោះ អេង កំណាន់  អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់ក្នុងភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។

    ចំណែកម៉ូតូដែលត្រូវជនសង្ស័យយកទៅបាត់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខស្វាយរៀង ១T-៧៧០០ ជាកម្មសិទ្ធិរបស់ឈ្មោះភោគ គឹមសាន្ត  រស់ក្នុងភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។

    តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមឆ្នាំ២០២២ ពាក់ស្លាកលេខស្វាយរៀង ១T-៧៧០០ ចេញពីវិទ្យាល័យស្វាយរៀងដូចសព្វដង ខណៈជិះដល់ចំណុចខាងក្រោយមន្ទីរពេទ្យខេត្តស្វាយរៀង ស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងស្រាប់តែមានជនសង្ស័យបានមកប្រាប់អោយឈប់ ហើយក៏បាននិយាយឆបោកនិងដាក់ថ្នាំធ្វើអោយក្មេងរងគ្រោះវង្វេងវង្វាន់លេងនិយាយើតទើបជនសង្ស័យបានទាញយកម៉ូតូជិះគេចខ្លួនបាត់ទៅ ក្រោយមកទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរក្មេងរងគ្រោះនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យយកមកចាត់ការតាមច្បាប់អោយខាងតែបាន៕

ដោយ៖ សុថាន


ចែករំលែក៖