ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថារាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈ មានតម្លាភាព និងលុបបំបាត់ឱ្យខាងតែបានចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។
ការថ្លែងបែបនេះរបស់លោកអភិបាលស្រុកធ្វើឡើងនាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ក្នុងពិធី ដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ សង្កាត់នៅក្នុងស្រុករមាសហែកមានចំនួន២ឃុំ មានឃុំកំពង់ត្រាចនិងឃុំដូង ស្រុករមាសហែក។
លោកស៊ូ ម៉ុល ក៏បានស្នើឱ្យតំណាងក្រុមហ៊ុនទទួលការទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃ សូមឱ្យមានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ជៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃត្រូវឱ្យមានតម្លាភាព និងការ សាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស។
លោកបានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមានតម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។
ដោយឡែកអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។
លោកក៏បានបន្ថែមថា ចំពោះអាជ្ញាធរឃុំទាំង១៦ក្នុងស្រុករមាសហែក ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮរាល់កិច្ចការងារអភិវឌ្ឍន៍គម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕
ដោយ៖ សុថាន