ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួនជាង ៥២ម៉ឺនដុល្លារអាមេរិក ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា!

ចែករំលែក៖

ភ្នំពេញ​៖​ មន្ទីរពេទ្យ​គន្ធបុប្ផាកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ថា៖​ កាលពីព្រឹកមិញនេះ​ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្លល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកថា មូលនិធិគន្ធបុប្ផាកម្ពុជា​ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ​, បានទទួលថវិកាបរិច្ចាគតាមប្រព័ន្ធធនាគារអនឡាញចំនួនជាង ៥២ម៉ឺនដុល្លារអាមេរិក ពីសំណាក់សប្បុរសជនជាង ១២ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីការចូលរួមយ៉ាងផុសផុលរបស់សប្បុរសជនរាប់ម៉ឺននាក់ជាមួយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ប្រចាំឆ្នាំ២០២៣នេះ។

នាឱកាស​នោះ​ដែរ​ លោករដ្ឋលេខាធិការ​ បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”  និងចូលរួមបរិច្ចាគឱ្យបានកាន់តែផុសផុលថែមទៀត ដើម្បីជួយសង្រ្គោះកុមារនៅកម្ពុជា។ 

លោកនាយកប្រតិបត្តិរូបនេះ បានបញ្ជាក់បន្ថែមថា ទោះបីជា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ”  មានរយៈពេលតែ ៣០ថ្ងៃ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ, មិនមែនមានន័យថាមូលនិធិឈប់ទទួលការបរិច្ចាគពីសប្បុរសជននោះទេ ដោយហេតុថាមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬ ប្រមាណ ៤០លានដុល្លារ  អាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា។ ក្នុងន័យនេះ និង ក្នុងស្មារតី “ខ្មែរជួយខ្មែរ”, ខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

ដោយ​៖ សហការី​


ចែករំលែក៖