ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ​ ភក្ត្រា ដឹកនាំមន្ត្រីនិងអ្នកសារព័ត៌មានស្វែងយល់ពីគម្រោងដោះលែងសត្វព្រៃក្នុងតំបន់ការពារទេសភាពអង្គរ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ក្រសួងបរិស្ថាន​ នៅថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក នេត្រ​ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំមន្ត្រីនិងអ្នកសារព័ត៌មានស្វែងយល់ពីគម្រោងដោះលែងសត្វព្រៃក្នុងតំបន់ការពារទេសភាពអង្គរដែលជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) កាលពីថ្ងៃទី១ ខែមិថុនាថ្មីៗនេះ។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ គម្រោងគម្រោងដោះលែងសត្វព្រៃក្នុងព្រៃឧទ្យានអង្គរត្រូវបានអនុវត្តឡើងតាំងពីឆ្នាំ ២០១៣ ហើយរហូតមកដល់ពេលនេះសត្វជាច្រើនប្រភេទត្រូវបានលែង ដែលរួមមានទោចម្កុដ ស្វាព្រាម ភេខ្លួនរលោង ឈ្លូស កេងកងតូច កេងកងធំ ក្ងោក ព្វាំង ឆ្មាដាវ។ 

ក្រោមការអភិរក្សពីមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានក្នុងតំបន់ការពារទេសភាពអង្គរ និងដោយមានការគ្រប់គ្រងនិងថែរក្សាដោយផ្ទាល់ពីអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) សត្វព្រៃទាំងនេះដែលខ្លះយកមកពីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានរស់នៅយ៉ាងសុខសាន្ត។ 

សូមជម្រាបថា​ សត្វព្រៃទាំងនេះ​ ក៏បានបន្តពូជកើតបានកូនជាច្រើនក្បាលនៅក្នុងជម្រកធម្មជាតិ។ សត្វព្រៃទាំងនេះបានធ្វើឱ្យគុណតម្លៃនៃតំបន់អង្គរកាន់តែលេចធ្លោបន្ថែមទៀត។ សូមអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមការពារនិងអភិរក្សសត្វព្រៃ និងជីវៈចម្រុះ និងសូមសំណូមពរដល់បងប្អូនចូលរួមការពារថែរក្សាសត្វព្រៃដែលបានលែងនេះឱ្យបានគង់វង្ស និងកុំបរបាញ់ និងដាក់អន្ទាក់ដើម្បីជាប្រយោជន៍សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

ដោយ​៖សហការី​


ចែករំលែក៖