ព័ត៌មានទាន់ហេតុការណ៍៖

កសិដ្ឋានចិញ្ចឹមត្រីក្រាញ់លក្ខណៈគ្រួសារនៅខេត្ត សៀមរាបបញ្ជាក់ថា ការចិញ្ចឹមត្រីក្រាញ់ គឺមិនខ្វះទីផ្សារលក់ចេញនោះទេ

ចែករំលែក៖

ខេត្តសៀមរាប ៖ ភូមិដំណាក់ខ្ចាស់ ជាភូមិ១ក្នុងចំណោមភូមិទាំង៨ស្ថិតក្នុងឃុំសំបួរ ដែលមានចំនួនគ្រួសារច្រើន ជាងគេ ហើយក្នុងភូមិនេះ មានគ្រួសារមួយបានចិញ្ចឹមត្រីក្រាញ់បែបលក្ខណៈគ្រួសារលើទំហំផ្ទៃដី៦០ម៉ែត្រ x ១០០ ម៉ែត្រ ដែលទីតាំងចិញ្ចឹមនេះ គឺស្ថិតនៅវាលស្រែចុងរលំ។

លើទំហំផ្ទៃដីខាងលើលោក ឆន ឈី កសិករភូមិដំណាក់ខ្ចាស់បានជីកក្រវ៉ាត់ព័ទ្ធជុំវិញកម្ពស់៧ម៉ែត្រទំហំ៤ម៉ែត្រ ដើម្បីការពារទឹកជំនន់នារដូវវស្សា ហើយផ្ទៃខាងក្នុងក្រវ៉ាត់ មានស្រះតូចៗ ដើម្បីដាក់ពូជត្រីតាមអាយុកាល ព្រមទាំងមានស្រះបង្កាត់ពូជផងដែរ។

កសិករ ឆន ឈី រៀបរាប់ប្រាប់ អភិបាលស្រុកក្រឡាញ់ថា ពូជត្រីក្រាញ់ដែលចិញ្ចឹមក្នុងស្រះនេះពេលដាក់ចិញ្ចឹមដំបូងគឺមានចំនួន ១៥០០គីឡូក្រាម បើគិតជាចំនួនគឺ១៤០.០០០ក្បាល(ដប់បួនម៉ឺនក្បាល) ចំណែកចំណីដែលដាក់ជាប្រចាំថ្ងៃ គឺចកសូឡា និងចំណីផលិតដោយខ្លួនឯង ហើយរយៈពេលដាក់ចិញ្ចឹមគឺមានរយៈ ៥ខែហើយ បើគិតមកដល់ពេលនេះ ។ កសិករ ឆន ឈី បន្ថែមថា គ្រួសារគាត់ចាប់ផ្តើមប្រមូលផលត្រីបណ្តើរៗ ហើយ ដែលត្រីចំនួន៥-៦ក្បាល ស្មើនឹង១ គីឡូក្រាម ឯតម្លៃវិញ ក្នុង១ គីឡូក្រាម គឺតម្លៃ១ម៉ឺនរៀល។

កសិកររូបនេះ បានបញ្ជាក់ថា ការចិញ្ចឹមត្រីក្រាញ់ គឺមិនខ្វះទីផ្សារលក់ចេញនោះទេ ព្រោះកន្លងមក មានម្ចាស់ភោជនីយដ្ឋានធំៗ មួយចំនួនទាក់ទងទិញ តែលោកមិនសូវចាប់អារម្មណ៍រឿងលក់ចេញទេ ដោយសារមានគោលបំណងបង្កាត់ពូជសម្រាប់ចិញ្ចឹមអោយបានចំនួន៦០តោន ដើម្បីលក់ចេញឆ្នាំក្រោយ ជាប្រចាំថ្ងៃ៕

ដោយ៖ សូរិយា


ចែករំលែក៖