ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! ជិះម៉ូតូវ៉ាជែងជ្រុលទៅបុករថយន្តដឹកទំនិញចំពីមុខពេញទំហឹង​ បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូវ៉ាជែងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងដែលបើកបរបញ្រ្ចាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង​ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៩យប់ថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៤​ ត្រង់ចំណុចមុខបុរីពិភពថ្មីកួរស្រូវ៣ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

​    សពជនរងគ្រោះ​មាន​ឈ្មោះ​ តក់​ សុផា​ ភេទប្រុស អាយុ​២២ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ បច្ចុប្បន្នស្នាក់នៅ​បន្ទប់​ជួល​ ជិត​កន្លែង​ធ្វើការ​ ជិត​កន្លែង​កើត​ហេតុ មាន​ស្រុក​កំណើត​នៅភូមិ​ជ្រួល​ថ្មី​ ឃុំ​រក្សជ័យ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញ​បុរសម្នាក់(ជាជនរងគ្រោះ)បានជិះម៉ូតូមួយគ្រឿង​ ម៉ាកYamaha FZ  ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-9201 តាមបណ្ដោយផ្លូវលេខ១០៤ ទិសដៅពីលិចទៅកើត​ ក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជិះវ៉ាឆ្វេងរថយន្តមួយគ្រឿងមិនចាំម៉ាកក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត​ ពណ៌ត្រេអុីពាក់ផ្លាកលេខភ្នំពេញ 3C-5650 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីកើតមកលិច ចំពីមុខយ៉ាងពេញទំហឹង​ បណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ។ ចំណែកឯរថយន្តនិងអ្នកបើកបរត្រូវបានពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំបន្ត។

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ​ និងបានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី​៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖