ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់អំពាវនាវឱ្យមានការចរចាដោយយុត្តិធម៌ សង្គ្រាមមិនអាច បញ្ចប់បញ្ហានោះឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា មិនមានដំណោះស្រាយយោធាចំពោះជម្លោះអ៊ីរ៉ង់-អាមេរិកទេ ខណៈពេលដែលសង្កត់ធ្ងន់ថា មានតែការចរចាដែលផ្អែកលើ “យុត្តិធម៌ ” ប៉ុណ្ណោះដែលអាចបញ្ចប់អរិភាពបាន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថានឹងមិនមានឡើយដំណោះស្រាយយោធា ដើម្បីបិទបញ្ចប់សង្រ្គាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ ខណៈកិច្ចចរចាស្វែងរកដំណោះស្រាយការទូតសំដៅបិទបញ្ចប់សង្រ្គាមហាក់កំពុងជាប់គាំងនៅឡើយ។

ការកត់សម្គាល់បែបនេះរបស់លោក Abbas Araghchi ធ្វើឡើងនៅឯពិធីជួបជុំមួយជាមួយបណ្ដាឯកអគ្គរដ្ឋទូតបរទេស កាលពីថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦។ «ប្រសិនបើសត្រូវរបស់យើង ចង់ជ្រើសរើសយកការប្រឈមមុខយោធាដាក់គ្នាសាជាថ្មី នោះគឺការឆ្លើយតបរបស់យើងនឹងត្រូវធ្វើឡើងយ៉ាងខ្លាំងក្លាជាងពេលកន្លងមក ហើយយើងនឹងការពារខ្លួនឯងដោយប្រើកម្លាំងបាយ»។ នេះជាការគូសបញ្ជាក់របស់លោក Araghchi ដោយបន្ថែមថាវានឹងមិនមានឡើយដំណោះស្រាយយោធា ហើយក៏មិនមាននោះដែរដំណោះស្រាយណាមួយដែលផ្អែកលើការដាក់ទណ្ឌកម្ម ពោលគឺមានតែកិច្ចចរចាដោយផ្អែកលើយុត្តិធម៌ និងភាពត្រឹមត្រូវប៉ុណ្ណោះ ដែលអាចនាំទៅរកការបិទបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា បច្ចុប្បន្ន ចំណុចខ្ទាស់ដ៏សំខាន់នៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិកនឹងអ៊ីរ៉ង់ នោះគឺការប៉ុនប៉ងរបស់អ៉ីរ៉ង់ដើម្បីបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូន និងការនាំចេញប្រេងរបស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស។ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់កាលពីខែមិថុនាកន្លងទៅ បានឈានដល់ចុះអនុស្សរណៈយោគយល់គ្នាមួយដែលបានចែងពីក្របខ័ណ្ឌមួយសម្រាប់ឆ្ពោះទៅរកដំណោះស្រាយអចិន្ត្រៃយ៍មួយ។ តែអនុស្សរណៈយោគយល់គ្នានេះបានដួលរលំដោយការវាយប្រហាររបស់អ៊ីរ៉ង់លើកប៉ាល់ដឹកប្រេងក្នុងតំបន់ច្រកសមុទ្រ Hormuz បានកើតឡើង ជាហេតុជំរុញឱ្យសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៉ីរ៉ង់សាជាថ្មីជាច្រើនថ្ងៃ។ ឥលូវ ការវាយប្រហារសងសឹកដាក់គ្នាបានស្ងប់ស្ងាត់ ដោយសហរដ្ឋអាមេរិកបានងាកទៅរកការរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់៕


ចែករំលែក៖