ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះសមត្ថកិច្ចប្រាប់ថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជូនក្មេងទំនើងទាំង៤នាក់ពាក់ព័ន្ធក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ កាលពីនៅវេលាម៉ោង២៣និង៤០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ រួមនឹងវត្ថុតាងមួយចំនួន នៅចំណុចមុខផ្ទះសំណាក់ស្រែម្អម ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងមួយក្រុមប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ មាន៖ ១-ឈ្មោះ លី ហាស្សី ស (អាបាឌុល ហាស្សីស) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្ន រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។ ២-ឈ្មោះ ម៉ាង គ្រីស្តា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក (ប្រើប្រាស់)។ ៣-ឈ្មោះ ផាក់ គ្រិស្ទាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ ៤-ឈ្មោះ យួន ស៊ីណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្ន រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក (ប្រើប្រាស់)។ វត្ថុតាងចាប់បានរួមមាន៖ -ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខ ឧត្តរមានជ័យ1E-3143, -ទូរស័ព្ទចំនួន០៣គ្រឿងរួមនឹងវត្ថុតាងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបញ្ជាក់ទៀតថា៖ បន្ទាប់ពីឃាត់ខ្លួនកម្លាំងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម គឺ វិជ្ជមានទាំង០៤នាក់ ។
តាមសារភាពថា ពួកគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ៕
ដោយ ៖ វណ្ណា