ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សមួយដែលជាប់ឆ្នោតនៅប្រទេសថៃ ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកាន់កម្ពុជាវិញនោះទេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  បានទទួលការបញ្ជាក់អំពីគណបក្សមួយដែលជាប់ឆ្នោតនៅប្រទេសថៃ ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកាន់កម្ពុជាវិញនោះទេ។

ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចបានទទួលចម្លើយដោយផ្ទាល់ពីគណបក្សដែលបានជាប់ឆ្នោតនោះនិងថាសម្ដេចទទួលយកនូវការបញ្ជាក់នេះដោយបានសម្ដែងនូវការពេញចិត្តផងដែរ។

គួរឲ្យដឹងផងដែរថានៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮខេត្តកណ្ដាល កាលពីថ្ងៃទី៣ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រនិងសេដ្ឋកិច្ចរបស់ប្រទេសនោះ។ សម្ដេចផ្ដាំឲ្យប្រុងប្រយ័ត្នចំពោះសកម្មភាពនេះ ខណៈបញ្ជាដល់ក្រសួងការងារឲ្យតាមដានឲ្យបានហ្មត់ចត់ផងដែរ។ 

សូមបញ្ជាក់ថា : សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែបានគិតគូរ ដល់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី ទាំងក្នុងនិងការប្រទេស។ 

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកម្មករ-កម្មការិនី ខិតខំធ្វើការងារ និងចៀសវាងឱ្យបាននូវការបង្កទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ។ ហើយប្រសិនបើមានវិវាទណាមួយកើតឡើង ត្រូវយកចិត្តទុកដោះស្រាយភ្លាម មិនត្រូវទុកឱ្យក្លាយទៅជាជំងឺមហារីកនោះទេ ខណៈម្ចាស់រោងចក្រ និងកម្មករ គឺជាដៃគូមិនអាច ខ្វះមួយណាបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ សម្ដេចនឹងមានជំនួបជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មប្រទេសអារ៉ាប់អេមីរ៉េត(អារ៉ាប់រួម)។ សម្ដេចនឹងលើកឡើងពីការទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម ហើយនេះក៏ជាឱកាសបង្កើតការងារបន្ថែមទៀតនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ-កម្មការិនីរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ សម្ដេចបញ្ជាក់ថា ជនណាក៏ដោយដែលមានបំណងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមិនត្រូវអត់ឱនឱ្យជាដាច់ខាត៕

ដោយ ៖ សហការី


ចែករំលែក៖