ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បញ្ជូនអតីតថៅកែនាំចូលស្រាបៀរទៅកាន់តុលាការពាក់ព័ន្ធបទល្មើសជាប់បំ ណុលគេ១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលជាអតីតចៅកែនាំស្រាបៀរពីក្រៅប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក មានមុខមានមាត់គួរសមដែរ ពេលនេះធ្លាក់ខ្លួនជំពាក់បំណុលគេ១ម៉ឺនដុល្លារត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនឡើងតុលាការកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធការចោទប្រកាន់ពីបទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ” ។ បុរសនោះឈ្មោះ ឡោ សុជាតិ អាយុ៤២ឆ្នំា មុខរបរ នៅផ្ទះ មានលំនៅផ្ទះលេខ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

    ការនាំខ្លួនបុរសខាងលើឡើងតុលាការនោះ ត្រូវបានសមត្តកិច្ចបង្ហើបឱ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោង ទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ មាស វិវឌ្ឍន៍ ភេទស្រី អាយុ៣១ឆ្នាំ ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២២ ឈ្មោះ ឡោ សុជាតិ បានទំនាក់ទំនងទៅជនរងគ្រោះជាជនជាតិម៉ាឡេស៊ី និងជាថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បីដាក់ទុនរកស៊ីជាមួយគ្នានូវទំហំទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក ។ ដោយមានការជឿទុកចិត្ដថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានប្រគល់ប្រាក់តាមការព្រមព្រៀងឱ្យទៅឈ្មោះ ឡោ សុជាតិ គ្រប់ចំនួន ខណៈពេលនោះឈ្មោះ ឡោ សុជាតិ ក៏បានធ្វើកិច្ចសន្យាធានាអះអាងថា នឹងសងទៅដើមបណ្តឹងគ្រប់ចំនួនវិញក្នុងរយៈពេលខ្លីបំផុត ។ បន្ទាប់ពីព្រមព្រៀមគ្នាហើយឈ្មោះ ឡោ សុជាតិ បានចេញមូលប្បទានបត្រមួយសន្លឹករបស់ធានាគារវឌ្ឍនៈអាស៊ីចំកាត់ ABA ឱ្យទៅថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ សម្រាប់ទៅដកយកប្រាក់នោះ ។ 

    ដល់ថ្ងៃកំណត់ថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានយកមូលប្បទានបត្រខាងលើនេះទៅបើកប្រាក់នៅធនាគារ ABA ស្រាប់តែខាងធានាគារឆ្លើយតបថា គណនីនេះគ្មានសាច់ប្រាក់ទេ ពោលគឺ សែកស្អុយ ។ នៅពេលដឹងថា មូលប្បទានបត្រគ្មានសាច់ប្រាក់ ឈ្មោះ មាស វិវឌ្ឍន៍ បានទំនាក់ទំនងទៅឈ្មោះ ឡោ សុជាតិ តាមគ្រប់មធ្យោបាយតែជនសង្ស័យបានគេចវេះនិងបិទទូរស័ព្ទមិនអាចទាក់ទងបាន ។ ដោយអស់ជំនឿទុកចិត្តក្នុងការស្វែងរកជនសង្ស័យ ដើម្បីដោះ ស្រាយបំណុល ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់ ។

    តាមសមត្តកិច្ចបង្ហើបឲ្យដឹងទៀតថា បុរសឈ្មោះ ឡោ សុជាតិ អតីតធ្លាប់ជាថៅកែនាំចូលស្រាបៀរមួយធំដុំដែរ ពេលនេះមិនគួធ្លាក់ខ្លួនជំពាក់បំណុលគេត្រឹម១ម៉ឺនដុល្លាររកលុយសងមិនបាននោះទេ អាចមានវិបត្តិផ្សេងទៀតដែលអ្នកគ្រប់គ្នាដឹងមិនដល់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖