ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់បើករថយន្តលឿនរេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងថ្មនិងជញ្ជាំងឃ្លាំងមួយកន្លែងបណ្ដាលឱ្យក្រឡាប់គាបស្លាប់អ្នកបើកបរនៅក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីនគរបាលពាក់ស័ក្តិ២ បានគាបជាប់ស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម បន្ទាប់ពីបើករថយន្ត Prius មួយគ្រឿងក្នុងល្បឿនលឿន បណ្ដាលឱ្យរេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងថ្មបាក់អស់ពីរដើមនិងជញ្ជាំងឃ្លាំងមួយកន្លែងបាក់អស់មួយផ្ទាំង ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣  នៅតាមបណ្ដោយផ្លូវបេតុង ឱកាសខ្ញុំ ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះសួង មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ២៨២ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    បើតាមសម្ដីសន្តិសុខម្នាក់ដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តToyota  Prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA-6249បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុលើបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបន្តទៅបុកបង្គោលភ្លើងថ្មពីរដើមបណ្ដាលឱ្យបាក់ និងបន្តទៅបុកជញ្ជាំងឃ្លាំងបាក់អស់មួយផ្ទាំងទៀត ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ ឯអ្នកបើកបរបានស្លាប់គាបជាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងហៅរថយន្តមកស្ទូច និងទាញយកសពចេញពីរថយន្ត រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖