ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានថ្លែងអំណរគុណ កោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកបវេលទាំងអស់ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត។
សម្តេចឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់ដ៏ធុះធេងនៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនទាំងអស់ក្នុងស្រុកបរវេលដែលបានតស៊ូធ្វើពលិកម្មគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេច បានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីបញ្ហាប្រឈមលើពិភព លោកដែលតិចឬច្រើនបានជះឥទ្ធិផលមកលើប្រទេសកម្ពុជា ក្នុងនោះរួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងលោកខាងលិច និងខាងកើត សង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន វិបត្តិថាមពល និងស្បៀងអាហារ បញ្ហាសង្គ្រាមសុីវិលនៅប្រទេសស៊ូដង់និងការប្រែល ប្រួល អាកាសធាតុកាន់តែអាក្រក់ បន្ថែមលើបន្ទុកបញ្ហាបណ្ដាលមកពីជំងឺកូវីដ-១៩ដែលពិភពលោកមិនទាន់ដោះស្រាយចប់នៅឡើយ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ទាញចំណាប់អង្គពិធីថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកបវេល ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ផ្អែកលើមូលដ្ឋាននៃការរក្សាបានសុខសន្តិភាពដែលជាកត្តាគន្លឹះធំបំផុតនេះ សម្ដេចមានប្រសាសន៍ជូនអង្គពិធីអំពីសមិទ្ធផលនិងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ច ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិការ គោរពប្រតិបត្តិរដ្ឋធម្មនុញ្ញការគោរពប្រតិបត្តិប្រកប ដោយ ភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគ ជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។
ក្នុងឱកាសនោះដែរ សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ សម្ដេច បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀប ចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។
នៅចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបរវេលនោះដែរ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកង កម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕
ដោយ៖ សូរិយា