ព័ត៌មានទាន់ហេតុការណ៍៖

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បន្តរៀបចំពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជានៅស្រុកជ័យសែន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការធិការូសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីបំពាក់មេដាយការពារជាតិ ជូនសមាជិក សមាជិកា ស្រុកជ័យសែនចំនួន៨៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយលោក អភិបាលរងខេត្ត លោក លោកស្រីដែលជាអនុប្រធានសមាគមអតីតយុទ្ធជនខេត្ត-ស្រុក និងសមាជិក សមាជិកាតាមបណ្ដាល មន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

បន្ទាប់ពីបានស្តាប់នូវ មតិស្វាគមន៍ និងរបាយការណ៍ ដោយលោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោក អភិបាលខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏ដូចជាគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុករវៀង ដែលកន្លងមកបានយកចិត្តទុកដាក់អំពីសុខទុក្ខដល់បងប្អូនជាប្រចាំ និងតែងតែបានជួយសម្រួលកិច្ចការងារ និងរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន។ 

 លោក គីម រិទ្ធី បានថ្លែង កោតសរសើរពីការរវិវត្តន៍រីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា កន្លងមកក៏ដូចជាគ្រាបច្ចុប្បន្ន  រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អភិវឌ្ឍន៍លើគ្រប់វិស័យ  ពិសេស វិស័យអប់រំត្រូវបានយកចិត្តទុកដាក់  ដោយខិតខំពង្រីកបន្ថែម នូវអគារសិក្សាឲ្យបានទៅដល់តាមបណ្តា ស្រុក ឃុំ សង្កាត់  ក្នុងការបណ្តុះបណ្តាល នូវធនធានមនុស្ស  ដែលជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងនោះដែរ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានរំលឹកដល់បងប្អូនត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រលើការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ៕

ដោយ ៖ សហការី


ចែករំលែក៖