ព័ត៌មានទាន់ហេតុការណ៍៖

ការពិតពីមាតុភូមិ : ជម្រើសនៃបណ្តាញផ្សព្វផ្សាយសម្រាប់ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ : ក្រោមរបត់សង្គមថ្មីដែលមានកំណើនដ៏សន្ធឹកសន្ធាប់នៃប្រជាពលរដ្ឋកម្ពុជា ងាកមកតាមដានឆាណែលតេឡេក្រាម (Telegram) និង តិកតុក (Tiktok) របស់នាយករដ្ឋមន្ត្រីកម្ពុជា  ជាសក្ខីកម្មមួយដែលមិនអាចប្រកែកបានថា ហ្វេសប៊ុក (Facebook) ពុំមែនជាបណ្តាញផ្សព្វផ្សាយដែលផ្តាច់មុខដ៏ចាំបាច់មិនអាចជៀសបាន នោះឡើយ ។ នេះជាការបញ្ជាក់នៅក្នុង channel telegram របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រសៀលនៅថ្ងៃទី៧ ទី៧ ខែកក្កដា ឆ្នាំ២០២៣។ 

កាលពីអតីតកាល ហ្វេសប៊ុកជាបណ្តាញសង្គមមួយសម្រាប់ការបញ្ចេញមតិ ផ្តល់ព័ត៌មាន ទទួលព័ត៌មាន ទំនាក់ទំនង ចែករំលែកផ្សេងៗ និងជាវេទិកាបណ្ដាញផ្សព្វផ្សាយស្ទើរតែផ្តាច់មុខ គ្មានជម្រើសផ្សេង.  ក៏ប៉ុន្តែ ភាពអវិជ្ជមានជាច្រើន ដូចជាគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រមូលនិងប្រើប្រាស់ទិន្នន័យឯកជន កង្វះគណនេយ្យភាព និងតម្លាភាព ការផ្សព្វផ្សាយព័ត៌មានប្រឌិត  ការប្រើប្រាស់ធ្វើជាមធ្យោបាយទុច្ចរិត ឬប្រព្រឹត្តល្មើស និងបញ្ហាសីលធម៌រស់នៅ នៃការហែកហួររឿងរ៉ាវផ្ទាល់ខ្លួន ឬរឿងរ៉ាវរបស់ក្រុមគ្រួសារ ជាអាទិ៍ បានបណ្តាលឱ្យបណ្តាញសង្គមមួយនេះក្លាយជាវេទិកាអាណាធិបតេយ្យ អសមត្ថភាពក្នុងការគ្រប់គ្រង ។

ដោយមើលឃើញពីចំណុចអវិជ្ជមាននានារបស់ហ្វេសប៊ុក ខណៈដែលមានពហុជម្រើសច្រើនផង មនុស្សជាច្រើនបានដកឃ្លាពីការប្រើប្រស់បណ្តាញសង្គមហ្វេសប៊ុក និងងាកទៅប្រើប្រាស់វេទិកាផ្សេង ដែលកំពុងមានប្រជាប្រិយភាព ងាយស្រួល និងមានសុវត្ថិភាពជាង សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ផ្សព្វផ្សាយព័ត៌មាន ទទួលព័ត៌មាន និងកម្សាន្ត ។

នាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្លាប់ជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបដែរនោះ ក៏មានសិទ្ធិសេរីភាពដូចជនដទៃទាំងឡាយដូច្នោះដែរ ក្នុងការជ្រើសរើសប្រើវេទិកាបណ្តាញសង្គមមួយណា សម្រាប់ទាក់ទង និងផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាពលរដ្ឋខ្មែរ និងពិភពលោក ដោយលោកបានសម្រេចលុបចោលគណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុករបស់លោកចោល តែម្តង ។ គ្រាន់តែគណនីហ្វេសប៊ុកដាក់ឈ្មោះ ហ៊ុន សែន មានដល់ទៅរាប់សិបគណនី ដែលសុទ្ធតែក្លែងបន្លំ ហើយដែលហ្វេសប៊ុកបាន និងកំពុងអនុញ្ញាតឱ្យប្រើ និងចរាចរណ៍ដោយគ្មាន តម្លាភាព និងប្រាកដប្រជា ។

នាយករដ្ឋមន្ត្រីកម្ពុជា  បានសម្រេចជ្រើសយកបណ្តាញសង្គមដែលកំពុងពេញនិយមលំដាប់លើសគេ និងមានសុវត្ថិភាពជាង គឺ តេឡេក្រាម (Telegram) និង តិកតុក (Tiktok) ចំណែកឯប្រជាពលរដ្ឋ បានបន្តភ្ជាប់តាមដានព័ត៌មានពីលោក ដោយការគោរព ស្រឡាញ់  ទោះជាក្នុងទម្រង់ណាក៏ដោយ ។

គ្រាន់តែប៉ុន្មានថ្ងៃ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រើសិទ្ធិសេរីភាពរបស់លោក មកប្រើប្រាស់តេឡេក្រាមវិញ ឆាណែលតេឡេក្រាមរបស់នាយករដ្ឋមន្ត្រីកម្ពុជា មានអ្នកភ្ជាប់តាមដាន (Subscribers) រហូតដល់ទៅ ៩២៩.៨៤៣នាក់ ( និងកំពុងបន្តកើនឡើង ) ដែលក្លាយជាឆាណែលតេឡេក្រាមដែលមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតនៅលើពិភពលោក និងទាញទម្លាក់ឆាណែលតេឡេក្រាមរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យមកត្រឹមលេខ២វិញ ដែលមានអ្នកភ្ជាប់ចំនួន ៩២៨.៨៥៦នាក់ គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ។

ទន្ទឹមនឹងនេះ ក្នុងនាមជារដ្ឋអធិបតេយ្យ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានសម្រេចយ៉ាងត្រឹមត្រូវ ក្នុងការបណ្តេញសមាសភាពនៃក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ របស់ក្រុមហ៊ុនមេតា (Meta Platforms Inc.) ដែលជាក្រុមហ៊ុនមេគ្រប់គ្រងលើបណ្តាញសង្គម ដោយសារតែបុគ្គលទាំង២២នាក់នេះ បានអនុវត្តភារកិច្ចរបស់ខ្លួនដោយគ្មានតម្លាភាព និងគ្មានគណនេយ្យភាព រឹតត្បឹតនិងរំលោភសិទិ្ធអ្នកប្រើប្រាស់ ហើយជាពិសេសប្រើសិទ្ធិអំណាចដោយបំពាន និងមានលក្ខណៈលម្អៀង បង្កប់នូវចរិតនយោបាយ គ្មានយុត្តិធម៌ សមភាព សម្រាប់អ្នកប្រើប្រាស់ទូទៅឡើយ ។

ជនដែលត្រូវបានបណ្តេញចេញ និងហាមឃាត់លែងឱ្យចូលមកប្រទេសកម្ពុជា ទាំង២២នាក់នេះ ត្រូវបានចាត់ទុកជាបុគ្គលដែលមិនអាចទទួលយកបាន ( persona non grata ) មានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគោរពស្រឡាញ់ពេញចិត្ត និងបានគាំទ្រអស់រយៈពេលជាយូរមកហើយ ។

ទំនោរសង្គម ការនិយមរបស់ប្រជាពលរដ្ឋ និងការសម្រេចថ្មីៗនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា បានការពារ និងរក្សាសិទិ្ធសេរីភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងប្រឆាំងរាល់ការប៉ុនប៉ងដែលមានចរិតនយោបាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ជាតិ ។  ជាការស្រួលយល់ណាស់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាមនុស្សទូទៅ មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសបណ្តាញផ្សព្វផ្សាយណា ឬបណ្តាញទំនាក់ទំនងណា ដែលខ្លួនយល់ថាល្អ មានសុវត្ថិភាព មានប្រជាប្រិយភាព ហើយសម្រេចលុបចោល ឬឈប់ប្រើវេទិកាផ្សព្វផ្សាយណា ដែលសំបូរទៅដោយហានិភ័យ អសុវត្ថិភាព អសច្ចៈភាព និងគ្មានការទទួលខុសត្រូវ ។ 

សូមបណ្តាអ្នកវិភាគទាំងឡាយ មើលឲ្យឃើញ អំពីការពិតនេះ ហើយជៀសវាងការនិយាយ ឬសរសេរបង្កប់ដោយចេតនាបញ្ឆេះកំហឹង លើសពីការពិត ទាក់ទងទៅនឹងការឈប់ប្រើបណ្តាញសង្គមហ្វេសប៊ុក ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ការពិតពីមាតុភូមិ, ថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ។ នេះជាការបញ្ជាក់នៅក្នុង channel telegram របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖