ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យឆក់កាបូប នៅម្តុំផ្សារត្រពាំងវែង ចន្លោះគីឡូម៉ែត្រ១៥៩ បណ្តោយផ្លូវជាតិលេខ៦ បណ្តាលឲ្យនារីម្នាក់ធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ សមត្ថកិច្ចឃាត់ខ្លួនបានហើយ !

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ជនសង្ស័យឆក់កាបូប នៅម្តុំផ្សារត្រពាំងវែង ចន្លោះគីឡូម៉ែត្រ១៥៩ បណ្តោយផ្លូវជាតិលេខ៦ បណ្តាលឲ្យនារីម្នាក់ធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ ត្រូវ បានសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មែន លី នឹងសម្របសម្រួលនីតិវិធីដោយ លោក ស៊ិន វីរ:ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ។ 

ប្រតិបត្តិការនេះដឹកនាំកម្លាំងចុះអនុវត្តផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី ញ៉ែម ឈុនលី ស្នងការរងនឹងកិច្ច សហការពីគ្រប់ភាគីពាក់ព័ន្ធទើបចាប់ឃាត់ខ្លួនបានជនល្មើស ម្នាក់នៅរាជធានីភ្នំពេញ នឹងកំពុងបន្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ម្នាក់ទៀត ដែលរត់គេចខ្លួន។ពន្លឺយុត្តិធម៌ ឃើញបណ្តើរហើយសម្រាប់ជនរងគ្រោះ។

សូមបញ្ជាក់ថា: កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យ ឈ្មោះ ពិន សុិថុល អាយុ ១៧ឆ្នាំ បានធ្វើសកម្មភាពឆក់ មានស្ថានទម្ងន់ ជាមួយដៃគូរបស់គេម្នាក់ទៀត បណ្ដាលឲ្យជនរងគ្រោះជាស្ត្រីវ័យក្មេងដ៏ស្រស់ស្អាត ស្លាប់បាត់បង់ជីវិត ។ 

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេបានបង្ហោះ ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីឃើញស្ត្រីរូបនេះមានរូបរាងស្អាត មិនគួរជួបរឿងដ៏អភ័ព្វបែបនេះ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមឱ្យសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ មេត្តាស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនក្រុមជនល្មើសទាំងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ទីបំផុត ! នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅរាជធានីភ្នំពេញ និងម្នាក់ទៀតកំពុងស្ថិតក្នុងការប្រមាញ់របស់សមត្ថកិច្ចជំនាញ៕

ដោយ ៖ សហការី


ចែករំលែក៖