ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បានហើយ! មុខសញ្ញាគ្រឿងញៀនដែលធ្វើសកម្មភាពក្នុងភូមិសាស្រ្តស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាគ្រឿងញៀនម្នាក់​ ដែលធ្វើសកម្មភាពក្នុងភូមិសាស្រ្តស្រុកសង្កែ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការបង្រ្កាបជាក់ស្តែងនិងឃាត់ខ្លួនអនុវត្តទោសទៅតាមផ្លូវច្បាប់ហេីយ។ 

ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ​ បានធ្វេី​ឡើង​នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃអង្គារទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ 

ប្រភពដដែលបន្តថា​ លោកវរសេនីយ៍​ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបបានករណី ជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើស ជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ហង់ សុផល ហៅគួយ ហៅ​ដាល់ ភេទប្រុសអាយុ ៤៦ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន ១៩ថង់ ទម្ងន់ ១៥៤៥,៧៥ក្រាម ,ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ។ 

បច្ចុប្បន្ន​ជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅ​តាមច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖