ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបាន៥ថ្ងៃទើបជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

    ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ ឆក់ទូរស័ព្ទអ្នកដំណើរគេចខ្លួនបាន៥ថ្ងៃទើបជាប់ខ្នោះរបស់សមត្ថកិច្ច ។ ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង១៦និង០៥នាទីនៅចំណុចផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ភូមិចេតិយទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានអោយដឹងថា ជនរងគ្រោះឈ្មោះ មុត ចាន់ ភេទ ប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្រុមប្រឹក្សាស្រុក មានទីលំនៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យចំនួន០២នាក់(ឃាត់ខ្លួន)៖

១-ឈ្មោះ រ៉ា  រ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀននៅក្នុងទឹកនោម។

២-ឈ្មោះ ធឿន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្ត កំពង់ចាម។  ជនសង្ស័យមានសារធាតុញៀននៅក្នុងទឹកនោម។ វត្ថុតាងចាប់យក៖ ទូរសព្ទ័ដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (របស់ជនរងគ្រោះ) មធ្យោបាយជនសង្ស័យម៉ូតូ០១គ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ។

ប្រភពដដែលបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនតែម្នាក់ឯង ម៉ាក Scoopy ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-8562 ចេញពីសាលាស្រុកពញាឮតាមបណ្តោយផ្លូវជាតិលេខ៥  ក្នុងគោលបំណងទៅផ្ទះនៅផ្លូវជាតិលេខ៥១ ភូមិស្រែតាមែង ឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ លុះពេលជនរងគ្រោះជិះទៅដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យជាក្មេងប្រុសចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូឌុបគ្នាម៉ាក Scoopy ពណ៌ខ្មៅ គ្មានផ្លាកលេខ បានជិះមកក្បែរម៉ូតូជនរងគ្រោះ ហើយក្នុងនោះជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្នុងហោប៉ៅអាវខាងឆ្វេងរបស់ជនរងគ្រោះ ចំនួន០២គ្រឿងម៉ាក OPPO ទាំង ០២គ្រឿង។  បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបាននាំគ្នាជិះគេចខ្លួនបាត់ ។ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារហ្លួង។  បន្ទាប់ពីទទួលបានពាក្យបណ្តឹងហើយ កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងផ្នែកជំនាញធ្វើការស្រាវជ្រាវ ឆែកកាមេរ៉ាសុវត្ថិភាពតាមផ្លូវជាតិលេខ៥   រហូតកំណត់បានមធ្យោបាយម៉ូតូរបស់ជនសង្ស័យដែលជិះធ្វើសកម្មភាពនៅថ្ងៃកើតហេតុ។

លុះមកដល់ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង១៥ និង ៣០នាទី កម្លាំងប៉ុស្តិ៍វិហារហ្លួង បានចេញល្បាតតាមផ្លូវលំភូមិ ផ្លូវជាតិលេខ៥ ហើយបានប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាពក៏បានហៅសួរនាំ  ប៉ុន្តែពេលនោះ ជនសង្ស័យបានដឹងខ្លួន រួចហើយក៏បានជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិលេខ៥ទៅទិសខាងកើត។ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍តាមបណ្តោយផ្លូវជាតិ៥ ដេញតាមស្ទាក់រហូតដល់ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញឮ ជនសង្ស័យបានផ្តួលម៉ូតូ រត់ចូលក្នុងព្រៃខាងក្រោយភូមិ ទួលអំពិល ពេលនោះកម្លាំងយើងបានដេញចាប់បានជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ នៅថ្ងៃកើតហេតុ រូបខ្លួនទាំង០២នាក់ពិតជាបានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន ដោយទូរសព្ទ័នោះរូបខ្លួនបានយកទូរស័ព្ទដៃចំនួនមួយគ្រឿងឱ្យទៅប្អូនស្រីរបស់ខ្លួនឈ្មោះ រ៉ា ស្រីពេជ្រ អាយុ១៧ឆ្នាំ ដើម្បីទុកប្រើប្រាស់ និងទូរស័ព្ទដៃចំនួនមួយគ្រឿងទៀតនៅព្រឹកឡើងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ រូបខ្លួននិងឈ្មោះ ធឿន ធារ៉ា ជាបក្សពួក បានជិះម៉ូតូរបស់ខ្លួនម៉ាកស្គូពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានស្លាកលេខ យកទូរស័ព្ទដៃនោះទៅលក់នៅកន្លែងហាងលក់ទិញទូរស័ព្ទពុំស្គាល់ឈ្មោះនៅផ្សារឧដុង្ត ភូមិផ្សារឧដុង្ត ឃុំវាំងចាស់ ស្រុកឧដុង្ត ខេត្តកំពង់ស្ពឺ បានប្រាក់ដុល្លារចំនួន៧០ដុល្លារ(ចិតសិបដុល្លារ) និងប្រាក់រៀលចំនួន១០.០០០រៀល (មួយម៉ឺនរៀល)។ ពេលបានប្រាក់ហើយ រូបខ្លួនបានឱ្យប្រាក់ទៅឈ្មោះ ធឿន ធារ៉ា ចំនួន១០ដុល្លារ (ដប់ដុល្លារ) ហើយប្រាក់ដែលនៅសល់រូបខ្លួនបានយកទៅប្តូរផ្លាស់កាំម៉ូតូនិងសំបកម៉ូតូថ្មី ម៉ូតូរបស់ខ្លួន។ 

ចំណែកជនសង្ស័យឈ្មោះ ធឿន ធារ៉ា បានឆ្លើយសារភាពថា៖ កន្លងមករូបខ្លួន បានធ្វើសកម្មភាពឆក់ទូរស័ព្ទតាមផ្លូវជាតិលេខ៥ជាមួយឈ្មោះ រាជ (បច្ចុប្បន្នជាប់ពន្ធនាគារ)បានសម្រេចចំនួន០៣ លើក  បានទូរស័ព្ទចំនួន០៣គ្រឿង និង ឆក់ដបសាំងតាមផ្លូវជាតិលេខ៥១ចំនួន ០៥លើក។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីចាត់ការតាមនីតិវិធី៕ 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖