ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ ឡានពេទ្យឯកជនដឹកទាំងសពទាំងជនរងរបួសយកទៅ ជនរងគ្រោះបាត់លុយនិងគ្រឿងអលង្ការជាង១មុឺនដុល្លារ

ចែករំលែក៖

    ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបានបេីកបុកគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៤នាក់ត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យនិងបានបាត់ទាំងកាបូបមានលុយនិងគ្រឿងអលង្ការសរុបជាង១មុឺនដុល្លារ ។

     ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Q-9548 បើកដោយឈ្មោះ ប៉ក់ ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) ឌុបប្រពន្ធឈ្មោះ អឿន ពន្លា អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រនិងចងការប្រាក់ (របួសធ្ងន់) ស្នាក់នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអាគ្រាជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

    ចំណែកភាគីខាងម៉ូតូ MX KING ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IA-0088 បើកដោយឈ្មោះ សុធា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ ឡុង សុខលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ (របួសស្រាល) ទាំង២នាក់ស្នាក់នៅផ្ទះជួលក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

    តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុភាគីខាងម៉ូតូហុងដាឌ្រីម ជិះឌុបគ្នា២នាក់ប្តីប្រពន្ធ វិលត្រឡប់មកពីទិញម្ហូបនៅផ្សារជម្ពូវ័នវិញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឆ្លងផ្លូវពីលិចទៅកើត ឆ្ពោះទៅផ្ទះ ខណៈដែលឆ្លងជិតផុតហើយ ស្រាប់តែភាគីម៉ូតូ MX KING ជិះឌុបគ្នា២នាក់ក្នុងល្បឿនលឿនពីត្បូងទៅជើង ជ្រុលទៅបុកចំពីទទឹងផ្លោងខ្ទាតជាង១០ម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់ ចំណែកម៉ូតូខូចខ្ទេចស្ទើរទាំងស្រុង ។

    ក្រោយកើតហេតុមានរថយន្តគ្លីនិកស័ង្គម៉ារីដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលបុរសម្នាក់ដែលរងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ  ហេីយម្យ៉ាងវិញទៀតក្រុមគ្រួសារខាងជនរងគ្រោះដែលស្លាប់និងរបួសនោះ អះអាងថា ក្នុងកាបូបដែលជាប់ទៅជាមួយ ជនរងគ្រោះមានលុយនិងគ្រឿងអលង្ការសរុបជាង១មុឺនដុល្លារ ហើយបានសាកសួរទៅខាងឡានពេទ្យស័ង្គម៉ារីអ្នកបើកបរឆ្លើយថាមិនដឹង ពោលឃើញតែទូរស័ព្ទ១គ្រឿងដែលដាក់ក្នុងកាបូប។ ពេលសាកសួរនៅកន្លែងកើតហេតុ ពលរដ្ឋប្រាប់ថាខាងឡានពេទ្យយកទៅជាមួយជនរងគ្រោះ ចំណែកសមត្ថកិច្ចវិញ លោកទៅមិនទាន់ជនរងគ្រោះផង ។

ក្រោយកេីតហេតុម៉ូតូទាំង២គ្រឿងបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានក្រុងធ្វើការវាស់វែងយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖