ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបក្រុមក្មេងបង្កភាពអនាធិបតេ​យ្យតែងធ្វើសក​ម្មភាពធាក់បំបាក់យកតែស្លាកលេខម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃពុធ ២កើតខែទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័កព.ស.៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០​២៣ វេលាម៉ោង ២០និង៤០នាទី នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង លោកវរសេ​នី​យ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រ​ហ្មទណ្ឌកម្រិតស្រាល ដោយបានការសម្របស​ម្រួលទៅលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបងផង​នោះ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហ​ការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សា​រ៉ែន ជាអធិការបានចុះប្រតិបត្តិការបង្ក្រាបករណីលួច​មានស្ថានទម្ងន់ទោស(ធាក់បំបាក់យកស្លាកលេខម៉ូតូ)​០១​ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ២នាក់​មកកាន់ស្នងការដ្ឋានដើម្បីសាកសួរនោះគឺ៖ 

១-ឈ្មោះ អ៊ន សំអាត ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងនិង២-ឈ្មោះ អឿត សុជីត ភេទប្រុស មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

វត្ថុតាងដកហូតរួមមាន៖ 

-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO- 9658 

-ស្លាកលេខម៉ូតូ០១សន្លឹក ( បាត់ដំបង 1S-9145 ) ជាស្លាកលេខរបស់ម៉ូតូជនរងគ្រោះ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣ នៅចំណុចក្រុមទី២៦ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង០២នាក់ខាងលើ រួមជាមួយបក្សពួកមានគ្នាចំនួន១៤នាក់ទៀត(ដែលកំពុងរត់គេចខ្លួន)បានជិះម៉ូតូ៧គ្រឿងធ្វើសកម្មភាពយកដុំថ្មគប់និងធាក់បំបាក់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ចក់ សាន្ត ហៅង៉ា ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងស្ថិតនៅចំណុចខាងលើ​(ជនរងគ្រោះអត់ដឹងរឿងអ្វីទេ)។  

ក្រោយពីធ្វើសកម្មភាពបែបនេះរួច ជនសង័្សយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅ ។ នៅពេលបន្ទាប់ជន​រង​គ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចន​គរបាល ហើយឆ្លង តាមរយៈការស្រាវជ្រាវនេះ សម​ត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា មុននឹងឈានដល់ធ្វើសកម្មភាពបែបនេះ គឺក្រុមជនសង័្សយ មានទំនាស់គ្នាជាមួយក្រុមផ្សេងឯណោះទេ​ តែចៃដន្យអ្វីពេលកំពុងជិះស្វែងរកគូទំនាស់ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះខាងលើនៅចំណុចកើត​ហេតុ ពួកគេក៏ធ្វើសកម្មភាពបែបនេះតែម្តង។ តែតាម​ពិតជនរងគ្រោះខាងលើមិនបានដឹងរឿងអ្វីទាំងអស់។ 

ចំពោះមូលហេតុដែលពួកគេតែងតែធ្វើសកម្មភាពធាក់បំផ្លាញយកតែស្លាកលេខម៉ូតូបែបនេះ ជនសង័្សយបានឆ្លើយសារភាពថា ការធ្វើបែបនេះគឺគ្រាន់តែដើម្បីរំងាប់នូវកំហឹងរបស់ពួកគេតែប៉ុណ្ណោះ ។ ពេលធាក់បំបាក់បានហើយ ពួកគេក៏យកស្លាកលេខម៉ូតូនេះទៅបោះចោលតែប៉ុណ្ណោះ​ មិនមានហេតុផលអ្វីផ្សេងទេ។

ទោះជាបែបនេះក្តី នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់​វិធានការតាមផ្លូវច្បាប់​ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចនឹងចាត់ការបន្ត​ ៕

ដោយ៖ សហការី


ចែករំលែក៖