ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបុកម៉ូតូពីក្រោយបណ្តាលឱ្យម្តាយស្លាប់ កូនប្រុសរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យជាង ៦០ ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈកូនប្រុសដែលជាអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីរថយន្តស្ទូចបើកបុកម៉ូតូពីក្រោយ រួចកិនពីលើ កាលពីវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចស្តុបអាងទឹក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ហាន សុខា អាយុជាង ៦០ ឆ្នាំ មុខរបរលក់ពងទា និងមានទីលំនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ដែលត្រូវជាកូនរបស់ស្ត្រីរងគ្រោះ បានជិះម៉ូតូម៉ាក MD ពណ៌ក្រហម គ្មានស្លាកលេខ ដឹកម្តាយ និងពងទាចេញពីផ្ទះក្នុងខណ្ឌដង្កោ ឆ្ពោះទៅលក់នៅផ្សារអូរឫស្សី ខណៈធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើត និងឈប់រង់ចាំស្តុប ស្រាប់តែមានរថយន្តស្ទូចមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3H-9811 បើកបរដោយបុរសម្នាក់មកពីក្រោយ ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន និងបានបុកម៉ូតូពីក្រោយ បណ្តាលឱ្យស្ត្រីដែលជាអ្នករួមដំណើរធ្លាក់ក្រោមរថយន្ត និងត្រូវកិនស្លាប់នៅនឹងកន្លែង។ ចំណែកកូនប្រុសដែលជាអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ រីឯអ្នកបើកបររថយន្តស្ទូចត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងនាំយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ៕

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖