ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​មុខសញ្ញា​ចោរ៣នាក់​ ជំនាញខាងកាច់សោ.កម៉ូតូ​ក្នុង​ក្រុងព្រះសីហនុ​ ទៅតុលាការ​ បន្ទាប់ពី​តាមចាប់ឆ្លងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញមុខក្រុមចោរជំនាញខាង​កាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋ​រស់នៅខេត្តព្រះសីហនុ​យ៉ាងសកម្ម​ បន្ទាប់ពី​កម្លាំងសមត្ថកិច្ច​បានឃាត់ខ្លួន​ជាបន្តបន្ទាប់​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

ប្រភពដដែលបន្តថា​ មាន​ករណីអំពើលួច (កាច់សោករម៉ូតូ០១គ្រឿង) មួយ​កើតឡើង​កាលពីថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៣ ​វេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត ស្ថិតនៅចំណុច​ បន្ទប់​ជួល​ ក្រុមទី​ ៤២​ ភូមិ៥​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ (ភ្នំប៉ាក់ពេីក) បង្កឡេីងដោយជនសង្ស័យចំនួន​០៣នាក់​ មិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភា​ព​  ចូលលួចម៉ូតូ០១​គ្រឿង​  ម៉ាក​សេ​ ១២៥​ ​ពណ៌​ ខ្មៅ​ សេរី​ ២០២០ មានលេខតួនិងលេខម៉ាសុីន 5645662 ពាក់ផ្លាកលេខ​ ព្រះសីហនុ 1I-5769 ដែលជនរងគ្រោះ​ បានចតទុកខាងក្រោមបន្ទប់ជួល​ រួចឡេីងទៅសំរាកក្នុងបន្ទប់បាត់​ លុះស្អែកឡេីងពេល​ព្រឹក​ វេលាម៉ោង​ ០៧:០០នាទី​  ពេលភ្ញាក់ពីដេក​ ជនរងគ្រោះ​បាន ចុះមកក្រោមរកម៉ូតូជិះទៅទិញអីហូប​ ស្រាប់តែបាត់ម៉ូតូរកមិនឃេីញ​ ទេីបជនរងគ្រោះ​ ទៅប្តឹងរាយការណ៍ជូនសមត្ថកិច្ចតែម្តង​ ។ 

ក្រោយពីបានទទួលពាក្យបណ្តឹង​ ពីជនរងគ្រោះ​ឈ្មោះ​ សល់​ សុវណ្ណា​ រួចមក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានចាត់ឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បានធ្វេីការស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់​ រហូតកំណត់មុខសញ្ញាបាន​ និងដោយមានការសហការពីអធិការដ្ឋាននគរបាលស្រុកស្រែអំបល​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​ ព្រមទាំងមានការសម្របសម្រួល​ ពី​លោក​ រស់​ សារាំ​ ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្ត​កោះកុង​ នៅថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៣​ ​អធិការ​ដ្ឋាននគរបាលស្រុកស្រែអំបិល​ ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ សុខ​ ជីវ​ ភេទ​ ប្រុស​ អាយុ​ ១៨ឆ្នាំ​ នៅចំណុច​ ភូមិត្រពាំង​ ឃុំ-ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​ ប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ដេីម្បីធ្វេីការសាកសួរ​បន្តតាមនីតិវិធី ។ 

បន្ទាប់ពី​បានធ្វេីការសាកសួរលេីឈ្មោះ​ សុខ​ ជីវ​ កម្លាំង​ជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បានបន្តស្រាវជ្រាវ​ ឃាត់ខ្លួន​ បក្ខពួក​ជនសង្ស័យ​​  ជាបន្តបន្ទាប់​ចំនួន០២ទៀត​ ឈ្មោះ​ ពេជ្រ​ ភក្រ្ត​ ភេទ​ប្រុស​ អាយុ​ ២០ឆ្នាំ​ នៅចំណុចម្តុំផ្សារក្តាម​ សង្កាត់​លេខ៣​ ក្រុងព្រះសីហនុ​ និងឈ្មោះ​ វ៉ាង​ ចំរេីន​ ភេទ​ ប្រុស​ អាយុ​ ២០ឆ្នាំ​ នៅចំណុចបន្ទប់ជួល​ ភ្នំខៀវលេី​ សង្កាត់លេខ២​ ក្រុង-ខេត្តព្រះសីហនុ ​និងចាត់ការតាមនីតិវិធី ។ 

​ចំណែក​សម្ភារៈ​វត្ថុតាងដកហូតបាន៖​ 

​-ម៉ូតូ០១គ្រឿង​ ម៉ាក​ ហុងដា​ សេ១២៥​ ស៊េរីឆ្នាំ​២០២០​ ពណ៌​ ខ្មៅ​ គ្មានកាបាំង ​និងផ្លាកលេខ​ លេខតួ+ម៉ាស៉ីនៈ5645662(ផលនៃអំពេីលួច) ។ 

​-ផ្លាកលេខម៉ូតូចំនួន​ ០១បន្ទះ​ លេខ​ព្រះសីហនុ​ 1I-5769 (ដាច់រហែក) ។ 

​ក្រោយពី​ធ្វើការ​សាកសួរ​ ជនសង្ស័យ​ទាំង០៣នាក់​ ខាងលេីបានសារភាពថា​ ពួកខ្លួន​ពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ម៉ាកខាងលេីរបស់ជនរងគ្រោះប្រាកដមែន ។ បច្ចុប្បន្ន​ ជនសង្ស័យ​ ចំនួន០៣ខាងលេី​នេះកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បា​ប់​៕

ដោយ​៖ សហការី​


ចែករំលែក៖