ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា ថ្លែងអំណរគុណថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ដែលរក្សាទុកតំណែង មន្ត្រីទាំងអស់ឲ្យនៅដដែល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានគោរពថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំជាពិសេសសម្ដេចតេជោ ហ៊ុន សែន សម្រេចរក្សាមុខតំណែងនិងតួនាទីរបស់មន្ត្រីថ្នាក់នយោបាយ និងមន្ត្រីមុខងារសាធារណៈទាំងអស់ឱ្យនៅដដែល។ លោកថា នេះជាការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ចំពោះមន្ត្រីទាំងអស់ដែលបានខិតខំបំពេញមុខងារនិងតួនាទីនាពេលកន្លងមក។

លោករដ្ឋលេខាធិកា ឯម ច័ន្ទមករា បានលើកឡើងដោយគាំទ្រចំពោះការសម្រេចរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចតេជោ និងលោក ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រីកម្ពុជាដែលបានធ្វើការសម្រេចដ៏ត្រឹមត្រូវក្នុងការសម្រេចរក្សាមុខតំណែងនិងតួនាទីរបស់មន្ត្រីថ្នាក់នយោបាយ និងមន្ត្រីមុខងារសាធារណៈទាំងអស់ឱ្យនៅដដែល។

លោកថា៖ «នេះគឺការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ដ៏ឆ្លៀវឆ្លាតប៉ិនប្រសព្ធ និងជាការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ចំពោះមន្ត្រីទាំងអស់ដែលបានខិតខំបំពេញមុខងារនិងតួនាទីនាពេលកន្លងមក ពិសេសក្នុងរយៈពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរកសម្លេងគាំទ្រដល់គណបក្សប្រជាជន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានាពេលកន្លងទៅថ្មីៗនេះ»។

លោកបាន បួងសួងដល់ទេវតាក្នុងលោកសូមតាមថែរក្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺយូរដើម្បីបន្តជាម្លប់ដល់កម្ពុជាផងដែរ។

នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចរក្សាទុកមន្ត្រីទាំងអស់ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ឱ្យបន្តតទៅទៀត ចំពោះមន្ត្រីមុខងារសាធារណៈ នៅមិនប៉ះពាល់ឡើយ។

ក្នុងសារសំឡេង ថ្លែងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ដូច្នេះមុខងារទាំងអស់នេះខ្ញុំព្រះករុណាខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ ជាពិសេសជាមួយនឹងបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំអំពីកិច្ចដំណើរការនាពេលខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់កុំមានការព្រួយបារម្ភអំពីចំណុចទាក់ទងជាមួយនឹងរឿងថាតើខ្ញុំត្រូវធ្វើអ្វីទៀតកិច្ចការតែមួយទេដែលត្រូវធ្វើការកែទម្រង់នោះគឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ »។

សម្ដេចបានបញ្ជាក់ថា ចំពោះរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺនឹងត្រូវឲ្យជ្រើសរើសថាពួកគេនឹងនៅជារដ្ឋលេខាធិការ ឬក៏ជារដ្ឋមន្ត្រីប្រតិភូអម។ ចំពោះតំណែងពីរដែលត្រូវបានលើកលែងជាពិសេសគឺអគ្គនាយកពន្ធដារនិងអគ្គនាយកគយ ដែលអាចកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានផងដែរ ព្រោះអ្នកទាំងពីរនេះត្រូវធ្វើការផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីផងជាមួយនឹងនាយករដ្ឋមន្ត្រីផង៕

ដោយ ៖ សហការី


ចែករំលែក៖