ភ្នំពេញ៖ សមត្ថកិច្ចជំនាញ ក.ប.ប. អនុវត្តច្បាប់លើធុរកិច្ចជនដែលមិនសុច្ចរិតក្រោយរកឃើញទំនិញដែលខូចគុណភាព បំពានសិទ្ធិផ្ដាច់មុខ និងមិនមានអនុលោមភាពតាមបទប្បញ្ញតិ្តជាធរមានចំនួន ១១៩.៨៥គីឡូក្រាម។ ការរកឃើញទំនិញ និងឈានដល់ការអនុវត្តច្បាប់នេះ គឺធ្វើឡើងតាមរយៈសកម្មភាពត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុក ផ្ទះលក់និងចែកចាយទំនិញ និងទីផ្សារសំខាន់ៗជាច្រើននាថ្ងៃទី ០៣-០៤ ខែសីហា ឆ្នាំ២០២៣នេះ និងស្ថិតនៅក្នុងរាជធានី ខេត្តចំនួនបី គឺខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
ការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញ គឺដើម្បីធានាការពារសិទ្ធិអ្នកប្រើប្រាស់ ការពារផលប្រយោជន៍ធុរកិច្ចជនដែលស្មោះត្រង់តាមរយៈការប្រកួតប្រជែងដោយស្មើភាពនិងអនុលោមភាពតាមច្បាប់ និងការពារសុខុមាលភាពប្រជាពលរដ្ឋជាដើម។
ជាមួយគ្នានោះ មន្រ្តីជំនាញក.ប.ប បានឱ្យដឹងដែរថា សម្រាប់វិស័យប្រេងឥន្ធនៈ គឺសំខាន់សម្រាប់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទដែលមានតម្រូវការចាំបាច់ប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ត្រូវបានធុរជនក្នុងវិស័យនេះកេងប្រវ័ញ្ចលើបរិមាណ តម្លៃ ឬគុណភាពផងនោះ វាពិតជាធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ជាច្រើនក្នុងវិស័យមួយនេះ។
ដូច្នោះហើយទើបថ្ងៃទី ០៣-០៤ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ ក.ប.ប. សាខាខេត្តកំពត ខេត្តស្វាយរៀង និងកំពង់ធំ ផ្នែកប្រេងឥន្ធនៈបានចុះត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាប្រចាំដើម្បីធានាការពារឱ្យបាននូវសុច្ចរិតភាពជូនអ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈនេះផងដែរ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ ជាលទ្ធផលមន្រ្តីជំនាញបានធ្វើការពិន័យលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង ក្នុងចំណោម ១១ទីតាំងដែលសមត្ថកិច្ចជំនាញត្រួតពិនិត្យ៕
ដោយ៖ សហការី