ព័ត៌មានទាន់ហេតុការណ៍៖

វេលាម៉ោង៤រសៀលថ្ងៃទី១០ ខែសីហា ! សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះ សំណាល ជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា វេលាម៉ោង៤ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នឹងជួបសំណេះ សំណាល ជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី។ ជំនួបនេះនឹងធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ជំនួបខាងលើនេះ ត្រូវបានគេរំពឹងថា នឹងជជែកផ្តោតជាសំខាន់ទៅលើការដឹកនាំរាជ រដ្ឋាភិបាលក្នុងអាណត្តិថ្មី ជាមួយសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលសុទ្ធសឹងជាមនុស្សថ្មី និងមានវ័យក្មេង។

សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាព ចាប់ ពី ថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំង ស្រុង ដោយមានលោកបណ្ឌិតកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

តាមរយៈសារសំឡេងសំខាន់ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងច្បាស់ថា, លោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា , លោក ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា , លោក វង សូត ជាអនុប្រធានទី២ រដ្ឋសភា សម្រាប់ រាជរដ្ឋាភិបាល នីតិកាល ទី៧។ 

សម្ដេចបានលើកឡើងថា, គណបក្សប្រជាជនកម្ពុជា សាមគ្គីផ្ទៃក្នុងគ្នាបានល្អណាស់ គណបក្សប្រជាជន មិនមានទម្លាប់ដណ្ដើមអំណាចគ្នាឡើយ។ រហូតដល់សម្ដេចចាត់ទុកថា, វិទ្យុអាស៊ីសេរី ធ្វើការបកស្រាយមិនពិត ភ្លើ ល្ងង់ ជាវិទ្យុដែលមានមនុស្សអគុណធម៌ ហើយសម្ដេចជំរុញឲ្យមានការផ្សព្វផ្សាយព័ត៌មានភូតកុហកតទៅទៀតទៅ ក៏ជាប្រយោជន៍ចំណេញដល់គណបក្សប្រជាជនកម្ពុជា ពីព្រោះប្រជាពលរដ្ឋបានដឹងថាវិទ្យុមួយនេះផ្សាយរឿងមិនពិត ដូច្នេះសូមវិទ្យុអាស៊ីសេរី និងវិទ្យុដទៃផ្សេងទៀតដែលនិយាយភាសាបរទេស មិនចាំបាច់ធ្វើការបកស្រាយ វិភាគអីទេ សម្ដេចបានប្រាប់មុនហើយ ចំពោះថ្នាក់ដឹកនាំរដ្ឋសភា និងគណៈរដ្ឋមន្ត្រីថ្មី គ្រាន់តែពុំទាន់មានការអនុម័តពីរដ្ឋសភាតែប៉ុណ្ណោះ ៕

ដោយ : សិលា


ចែករំលែក៖