ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ នៅក្នុងវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ក្រុងក្រចេះ សិស្សានុសិស្សត្រូវបានផ្អាកការសិក្សាបណ្ដោះអាសន្ន រង់ចាំមន្ដ្រីជំនាញបញ្ចប់ប្រតិបត្តិការរុករក

ចែករំលែក៖

ខេត្តក្រចេះ ៖ មិននឹកស្មានដល់ ខណះគ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ ត្រូវបានប្រទះឃើញកប់ដីនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ខណៈមន្ដ្រីជំនាញស៉ីម៉ាក់ កំពុងធ្វើការរុករកបន្ថែមទៀត។ ដោយឡែក សិស្សានុសិស្សត្រូវបានផ្អាកការសិក្សាបណ្ដោះអាសន្ន រង់ចាំមន្ដ្រីជំនាញបញ្ចប់ប្រតិបត្តិការរុករក ដើម្បីសុវត្ថិភាព ការពារដល់អាយុជីវិត ។ 

បើតាម លោក ប៊ុន ឆី នាយកវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះថា សាលាត្រូវជួសជុលអាគារ និងចាក់សាប់ហើយត្រូវបានក្រុមជាងកាយសាបក៏ប្រទះឃើញគ្រាប់ទាំងនេះតែម្ដង។ ភ្លាមៗ លោកបានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៊ីម៉ាក់មកដល់ រាវរកក៍ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។

ដោយឡែក លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាត្តឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងសុីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ។

លោកនាយកសាលា បានបញ្ជាក់ទៀតថា កម្លាំងសុីម៉ាក់ បានរាវរកប្រទះឃើញចំនួនគ្រាប់៤ប្រភេទរួមមាន៖ M79 ចំនួន២៥០គ្រាប់, DK75 ចំនួន១៦គ្រាប់, ក្បាលផ្ទុះ M48 គ្រាប់ផ្លោង១៧គ្រាប់, B40 ចំនួន១ គ្រាប់សរុបចំនួន២៨៤គ្រាប់។ ដោយឡែក នៅថ្ងៃទី១២ ខែសីហានេះ កម្លាំងសុីម៉ាក់កំពុងរុករកបន្តប្រទះឃើញគ្រាប់ជាច្រើនទៀត ហើយបេសកម្មរុករក នៅមិនទាន់បញ្ចប់នៅឡើយទេ។

យោងតាមកម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មុីនទី៥ បានអះអាងថា គ្រាប់ទាំងនេះ គឺគ្រាប់អាចផ្ទុះធ្វើមនុស្សគ្រោះថ្នាក់ជីវិតបាន ហើយទីតាំងប្រទះឃើញគ្រាប់នេះដូចជារណ្ដៅគេកប់គ្រាប់កាលពីសម័យសង្រ្គាម។ មន្ដ្រីបញ្ជាក់ថា ប្រតិបត្តិការរុករកយកគ្រប់ចេញពីទីតាំងនោះ ប្រហែលជា២ថ្ងៃទើបបញ្ចប់។

សំណាងណាស់ ដែលប្រទះឃើញ ហើយត្រូវបាន យកចិត្តទុកដាក់ ពីខាងអង្គភាពជំនាញ សុីម៉ាក់ ដើម្បីរុករក បានអស់។ 

សូមបញ្ជាក់ថា, ដោយសារសង្គ្រាម គ្រាប់មិនទាន់ផ្ទុះ បានបន្សល់ទុកនៅពាសពេញពីប្រទេស ប៉ុន្តែរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ដោះមីនគ្រប់ទីកន្លែង ឃើញថា កម្ពុជា ជាប្រទេសមួយ និងប្រកាសថាគ្មានគ្រាប់មិនទាន់ផ្ទុះនាពេលខាងមុខ បន្ទាប់ពីក្រុមជំនាញ បានប្រើប្រាស់ពេលវេលា បច្ចេកទេស ស្រាវជ្រាវ ប្រើប្រាស់ឧបករណ៍ ទំនើបៗ និងជំនាញមានបទពិសោធន៍ខ្ពស់ រហូតទៅដោះមីន តាមបណ្ដាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ ។ 

ថ្នាក់ដឹកនាំកម្ពុជា បានប្រឹងប្រែងពន្លត់ភ្លើងសង្គ្រាម មានសន្តិភាព មានការអភិវឌ្ឍ និងការពារជានិច្ច រក្សាសន្តិភាព ភាពសុខសាន្តជូនប្រជាពលរដ្ឋ ឱ្យមានការរីកចម្រើន ៕

ដោយ ៖ សហការី


ចែករំលែក៖