ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានចុះអនុស្សរណៈ(MOU) អំពីសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង

ចែករំលែក៖

ភ្នំពេញ÷អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុក ដាក់សំរាម សំណល់រឹង   (ស.ទ.ស.) នៃក្រសួង បរិស្ថាន ជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  (ក.ប.ប.)  នៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ(អ ស ផ ស) នៃក្រសួងកសិកម្ម 

រុក្ខាប្រម៉ាញ់ និងនេសាទ និងគណៈកម្មា ធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.)  នៃក្រសួង មហាផ្ទៃ បានប្រព្រឹត្តទៅក្រោមអធិតបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន,នាយឧត្តម សេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក.លោកផាន អូន  ប្រតិ ភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ក.ប.ប. លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុក ជាអគ្គនាយក អ ស ផ ស ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថានជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ១) ស.ទ.ស. សហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ក្នុងការប្រមូល ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ដែលរឹបអូសបានយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ និងអនាម័យបរិស្ថាន ២)ស.ទ.ស. សហប្រតិបត្តិការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ស្ដីពីការដឹកជញ្ជូនទំនិញក្លែងក្លាយ និងទំនិញផុតរយៈពេលប្រើប្រាស់ ដែលរឹបអូសបាន យកទៅទុកដាក់នៅទីលានទុកដាក់ សំរាម សំណល់រឹង និង៣)ស.ទ.ស. សហប្រតិបត្តិការជាមួយ  អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (អ ស ផ ស) ស្ដីពីការដឹកជញ្ជូនសាកសពសត្វ សំណល់សាច់សត្វ និងផលិតផលសាច់សត្វគ្រប់ប្រភេទ ដែលរឹបអូសបាន ដើម្បីយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង។

គួរបញ្ជាក់ឱ្យដឹងថា កន្លងមក សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង បានពិនិត្យឃើញថា  ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បានចាប់និងរឹបអូសបានទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ទំនិញផុតរយៈពេលប្រើប្រាស់ និងសំណល់សាច់សត្វ ផលិត ផលសាច់សត្វខូចគុណភាពគ្រប់ប្រភេទ យកទៅរក្សា ទុកនៅទីកន្លែងពុំមានសុវត្ថិភាព ឬដុតចោល ដែលជាហេតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន។ 

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានចាប់ផ្ដើមសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយដែលមានបទដ្ឋានលក្ខណៈបច្ចេកទេសត្រឹមត្រូវស្ថិតនៅផ្លូវ ជាតិលេខ៥១ នៃស្ថានីយស្តារ និងផ្សព្វផ្សាយព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាទីលានបម្រើឱ្យក្រុងភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល  ព្រមទាំងទីលានដែលបានសាងសង់រួចហើយមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង  ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង  ខេត្តកំពង់ធំ ខេត្តស្វាយរៀង….។ល។ 

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ ទីលានទុកដាក់សំរាម សំណល់រឹង រៀបចំចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលចាប់និងរឹបអូសទំនិញខូចគុណភាព ហើយយកទៅទុកដាក់នៅទីលាន ដោយសហការជាមួយមន្ទីរបរិស្ថាន ឬអាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាខេត្ត ក្រុង៕

ដោយ៖ សូរិយា


ចែករំលែក៖