ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះភោជនីយដ្ឋានយីហោដើមឫស្សីយ៉ាងសន្ធោសន្ធៅនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាបឆេះភោជនីយដ្ឋាន យីហោ ដើមឫស្សី យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅកម្លាំងសមត្ថកិច្ចឱ្យយករថយន្តបង្ការនិងពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ២១ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅក្បែរថ្នល់ទទឹង ផ្លូវជាតិលេខ ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ភោជនីយដ្ឋានខារ៉ាអូខេយីហោដើមឫស្សីកំពុងតែបើកដំណើរការទទួលភ្ញៀវធម្មតា ស្រាប់តែឆ្លងចរន្តអគ្គិសនី បង្កទៅជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយក្នុងនោះបុគ្គលិកនិងប្រជាពលរដ្ឋ ព្យាយាមយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ដែរ តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក ទើបទប់ស្កាត់មិនបាន រហូតប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងសមត្ថកិច្ចផ្នែកបង្ការនិងពន្លត់អគ្គិភ័យ ខេត្តកណ្ដាលឱ្យយករថយន្តជួយធ្វើអន្តរាគមន៍ភ្លាមៗ។

ក្នុងប្រតិបត្តិការអន្តរាគមន៍ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានយករថយន្តបង្ការនិងពន្លត់អគ្គិភ័យរបស់ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងរថយន្តបង្ការនិងពន្លត់អគ្គិភ័យ ង៧០ ចេញជួយអន្តរាគមន៍និងបាញ់ពន្លត់ជាច្រើនគ្រឿងទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។ នៅក្នុងករណីនេះបានបំផ្លាញសម្ភារក្នុងភោជនីយដ្ឋានដើមឫស្សីអស់ជាច្រើន តែមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖