ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងថា៖ កម្លាំងនគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៤២គ្រឿងទៀត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ០៦គ្រឿង និងរថយន្ត ៣៦គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៥៣គ្រឿង ក្នុងនោះមានម៉ូតូ ៣៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ២១៧គ្រឿង។
ក្នុងបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសល្បឿន និងល្មើសសញ្ញាជាដើម។
ជាមួយគ្នានេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៩ សីហានេះដែរ បានកើតឡើងចំនួន ០៧លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ០៨នាក់ (របួសធ្ងន់ចំនួន ០៤នាក់)។ រយៈពេល ២៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៨៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១២៩នាក់ របួស ៣៩៥នាក់ (របួសធ្ងន់ ២៤៥នាក់)។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖ សហការី