ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសាច់ញាតិបុរសដែលប្រទះឃើញដេកស្លាប់នៅក្នុងចម្ការដើមអាកាស្យាទឹកដីថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សពបុរសម្នាក់ត្រូវគេស្គាល់ជាជនជាតិខ្មែរតាមរយៈអត្តសញ្ញាណប័ណ្ណត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចម្ការដើមអាកាស្យា ស្ថិតនៅភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដោយមិនដឹងមូលហេតុ ។

នៅវេលាម៉ោង១៥និង២០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ លោកវរសេនីយ៍ឯក ឡូង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៨០៧ បានដឹកនាំកម្លាំងចុះសា្រវជ្រាវនិងបានរកឃើញសាច់ញាតិ ។លោកវរសេនីយ៍ឯក ឡូង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៨០៧ បានឲ្យដឹងថា៖នៅនឹងខ្លួនសពគេរកឃើញលុយក្រដាស៥,០០០រៀល០១សន្លឹក,ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ០១សន្លឹក,អត្តសញ្ញាប័ណ្ណ០១សន្លឹក មានឈ្មោះ ខាយ ញាន់ ភេទប្រុស អាយុ៥៦ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ន ស្តិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡូង សំណាង បានបន្តថា៖ តាមការបំភ្លឺរបស់ឈ្មោះ ឆាន យឿប  អាយុ ៥២ ឆ្នាំ ជាប្រពន្ធបានរៀបរាប់ថា កន្លងមកប្តីរបស់គាត់ និងរូបគាត់ ធ្លាប់បានទៅធ្វើការស៊ីឈ្នួល ដាំដំឡូង ជំរ៉ាស់ស្មៅ នៅភូមិកែវ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ តាំងពីមុនជំងឺកូវីដ រាតត្បាត ក្រោយមក ជំងឺកូវីដ-១៩   រាលដាលខ្លាំង រូបគាត់និងប្តីបានត្រឡប់មកស្រុកខ្មែរវិញរហូតដល់អំឡុង ខែកម្ភៈ ឆ្នាំ២០២៣   គាត់ជាប្រពន្ឋបានទៅធ្វើការនៅប្រទេសថៃ តែម្នាក់ឯង ។ ដោយឡែកប្តីរបស់គាត់ ធ្លាប់បានទៅសួរសុខទុក្ខគាត់១ឬ២យប់ហើយនិងយកលុយពីគាត់ មកខ្មែរវិញផងដែរ រហូតដើម ខែមេសា ឆ្នាំ២០២៣     ក៏បានបាត់ដំណឹងមិនឃើញប្ដីរបស់គាត់ មកសួសុខទុក្ខ  រូបគាត់ជាប្រពន្ធទៀត ។  លុះដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ទើបកូនគាត់ បានទទួលដំណឹងពីនគរបាលយើង បានប្រាប់កូនគាត់ថាប្តីរបស់គាត់បានដេកស្លាប់ដោយមិនដឹងមូលហេតុ នៅចំណុច ភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ហើយកូនបានចូលជាមួយ កម្លាំងនគរបាលយើង ដើម្បីពិនិត្យមើលសពនោះ ពិតជាប្តីរបស់គាត់ ប្រាកដមែន  ( ដោយបញ្ជាក់តាម សំលៀកបំពាក់ ស្បែកជើង  អត្តសញ្ញាណប័ណ្ណ និងប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩  ដែលជាប់និងខ្លួនគាត់ ) ។

លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨០៧ បានបញ្ជាក់ថា៖ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី ។បើតាមការឲ្យដឹងពី ឈ្មោះ ហួត ហ៊ុន ជាអនុភូមិសាមគ្គី បានប្រាប់ថា កន្លងមកឈ្មោះ ខាយ ញាន់(សព)  តែងតែផឹកស្រា ស្រវឹងរាល់ថ្ងៃ និងមានសតិមិនប្រក្រតី ពេលពិសាស្រាគាត់មិនដែល ហូបអាហារ(បាយ)នោះទេនិងដើរបាត់ៗពីផ្ទះ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖