ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ២នាក់ករណីឆក់ទូរស័ព្ទដៃរបស់អ្នកភូមិ

ចែករំលែក៖

    ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣នេះថាជនសង្ស័យពីរនាក់មានឈ្មោះ សេក សាមួន  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពួល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង (ជាអ្នកឆក់) និងឈ្មោះ អ៉ឹន ហួ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (ជាអ្នកបើកម៉ូតូ)។

    ប្រភពដដែលបន្តថា នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទមកសមត្ថកិច្ចថា នៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីចោរឆក់ទូរស័ព្ទរបស់ជនរងគ្រោះ។

    ពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស  ហើយក៏បានសហការជាមួយកម្លាំងអធិការដ្ឋានគរបាលក្រុងបាវិតនិងកម្លាំងប្រជាការពារសង្កាត់ច្រកម្ទេស ស្វែងរកឃើញជនសង្ស័យម្នាក់ទៀតផងដែរ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប្រាកមែន ប៉ុន្តែទូរស័ព្ទនោះខ្លួនបានបោះចោលក្នុងវាលស្រែបាត់ហើយ ។

    បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចនគរបាលបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖