ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិលើកទី៧៨

ចែករំលែក៖

ទីក្រុង​ញូវយ៉ក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការ​សហ​ប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហ​ប្រជាជាតិ។

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ធ្វើឡើងក្រោមមូលបទ «ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និង​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសន្ដិភាព វិបុលភាព ការរីកចម្រើន និង​ចីរភាព​សម្រាប់​ទាំងអស់គ្នា»។

ខាងក្រោមនេះ គឺជាសម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅអង្គការសហប្រជា​ជាតិ៖

ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុងឧត្តមនេះ ក្នុង​នាម​ជា​នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ខ្ញុំប្ដេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទជាមួយរដ្ឋសមាជិកទាំងអស់ ក្រោម​ស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។

ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពកលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ដ្រ​នយោ​បាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនៅពេលនេះ។ ការវិត្តន៍កាន់តែដុនដាមនៃសង្គ្រាម នៅ​អ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះ​ទំនុកចិត្តទៅលើពហុភាគីនិយម។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេស​មានអំណាចធំៗ បានរុញច្រានឲ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីក​សមត្ថ​ភាព​ផ្នែកសន្ដិសុខវិញ ប្រការនេះបានធ្វើឲ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយ​ផលប៉ះពាល់វិបត្តិជំងឺកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។

ការប្រែប្រួលអាកាសធាតុ ក៏គំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិផងដែរ បើគ្មានសកម្ម​ភាព​ប្រកប​ដោយមហិច្ឆតា និងបន្ទាន់របស់ពួកយើងទេ ពិភពលោកនឹងជួបប្រទះការកើនឡើង នៃអត្រា​ភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្ដដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។ ឥលូវនេះជាវេលាចាំបាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តផ្នែកសន្ដិសុខ​ជាយុទ្ធសាស្ដ្រ​រវាងប្រជា​ជាតិ​ទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានច្បាប់។ ការណ៍នេះតម្រូវ​ឱ្យរដ្ឋ​ទាំង​អស់ គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្ដរជាតិ រួមទាំងគោលដៅដែលមាន​ចែងក្នុង​ធម្ម​នុញ្ញអង្គការសហប្រជាជាតិ។

យើងត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសាមគ្គីភាព​ឡើងវិញ និងកសាងពិភពលោកដែលមានសុខសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរ​សម្រាប់​ទាំង​អស់គ្នា។ ការងារសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការការ​ពារ​ការ​រីករាលដាលនៃជម្លោះដែលកំពុងកើតមាន។

ក្នុងន័យនេះ កម្ពុជាវាយតម្លៃខ្ពស់ចំពោះរបស់ «របៀបវារៈថ្មីសម្រាប់សន្ដិភាព» ឯកឧត្តមអគ្គ​លេខា​ធិ​ការ ជាមួយនឹងអនុសាសន៍ប្រកបដោយមហិច្ឆតា សម្រាប់ស្ថិរភាពពិភពលោក និងចក្ខុវិស័យ សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការជាសកលដូចដែលបានរៀបរាប់ក្នុងរបាយការណ៍ពី «របៀប​វារៈរួមរបស់យើង»។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអគ្គលេ​ខា​ធិការ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។

ខ្ញុំជឿជាក់ថា ការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ឱ្យមាន «កញ្ចប់ថវិកាជំរុញ​គោលដៅ​អភិ​វឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានទំហំ ៥០០ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្ម​ភាពដើម្បី​អាកាស​ធាតុ នឹងធ្វើឱ្យវឌ្ឍនភាពកន្លងមកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឡប់ទៅរក​គន្លង​ដើម នៃវឌ្ឍនភាពឡើងវិញ, កិច្ចព្រមព្រៀងសាមគ្គីភាពអាកាសធាតុ នឹងនាំទៅរកការកាត់​បន្ថយ​ការ​បំភាយឧស្ម័នស្របតាមគោលការណ៍, ការទទួលខុសត្រូវរួម ប៉ុន្ដែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាម​សមត្ថ​ភាពរៀងៗខ្លួន។

ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្ដរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុង​រយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំ​ឆ្នាំ​១.៦ភាគរយ ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង ៧ភាគរយក្នុងមួយឆ្នាំ រហូតដល់​មាន​ការ​ផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស​ដែលជោគ​ជ័យ​បំផុតនៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងការងើបឡើងវិញក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ២០២២ បានងើបឡើងវិញក្នុងអត្រា ៥.២ភាគរយ និងត្រូវព្យាករថា បន្ដកើនឡើងក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ។

ដូចដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី២ របស់កម្ពុជា (VNRs) កាលពីខែកក្កដា កន្លងទៅ, ៧២.

៥ភាគរយ នៃសូចនាករ និងសូចនាកររង នៃគោលដៅ​អភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ប្រទេសយើងកំពុងផ្លាស់​ប្ដូរពីឋានៈ​ជា​ប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៧ ដោយសារតែ​គោល​នយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវ​សុខសន្ដិ​ភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជាសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។

ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្ស​នយោបាយ​ចំនួន១៨ ចូលរួមប្រកួតប្រជែង ប្រជាជនជាង ៨.២លាននាក់បានទៅបោះឆ្នោត ស្មើនឹងអត្រា​អ្នក​ទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំ​ដោយ​អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញ​ពីភាព​ចាស់​ទុំនយោបាយ និងភាពភ្លៀវក្លារបស់ប្រជាជនយើង នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។

ការបោះឆ្នោតនេះត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពី​ប្រទេស​ចំនួន៦៥។

កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​មាន​ចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០។ ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់ឯកឧត្តម អគ្គលេខាធិការ ចំពោះរដ្ឋ​សមាជិក​ដើម្បី​អនុវត្តន៍ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលយើងខ្ញុំ ប្ដេជ្ញា​ចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលខ្ញុំទើបបាន​ប្រ​កាស​​ជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។

យុទ្ធសាស្ដ្របញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹង​បដិ​វត្តន៍​ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ខ្ញុំសូមជម្រាបជូនដែរថា គោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះ រួមមាន ម្យ៉ាងរក្សាចលនការនៃសុខ​សន្ដិ​ភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀត កសាង និងពង្រឹងមូល​ដ្ឋានគ្រឹះ​សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈការកសាងភាពធន់ នៃវិស័យទាំង៥​ រួម​មាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនធានមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជោគជ័យនៃ​យុទ្ធសាស្ដ្រ​បញ្ចកោណ។

កម្ពុជា នឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរ​ដោយ​ប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់។ យើងនឹងការពារឲ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច យើងនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហើយបន្ដស្វាគមន៍​ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជួយ​ឱ្យ​កម្ពុជា​សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហ​រណកម្ម​នៅ​ក្នុងតំបន់ និងពិភពលោក។

កម្ពុជា នឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន​ដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើ​វិធាន​ច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាង​មិត្តភាពបន្ថែមទៀត។ កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំង​ក្នុង​ទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។

កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំង​នឹងប្រទេសផ្សេងទៀត។ កម្ពុជា នឹងខិតខំបន្ថែមទៀតដើម្បីពង្រឹង និងពង្រីកកិច្ចសហ​ប្រតិ​បត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បី​រួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព​រួមរបស់​យើង។

បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល កម្ពុជាក៏បានបន្ថែម​គោល​ដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ ក្នុង​ការ​ខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឲ្យមានការបន្ដផ្ដល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេក​ទេស យើងក៏សូមលើកទឹកចិត្តឲ្យមានការចូលរួមឲ្យបានកាន់តែទូលំទូលាយ ពីសហគមន៍​អន្ដរ​ជាតិ ដើម្បីបញ្ច្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជា «ឃាត​កលាក់មុខ» និងបន្ដគំរាមកំហែងដល់សន្ដិសុខមនុស្សជាតិ ទោះបីជាសង្គ្រាមប្រដាប់​អាវុធបាន​បញ្ចប់​ទៅហើយក្ដី។

កម្ពុជាស្វាគមន៍នូវគំនិតផ្ដួចផ្ដើម «កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គម​សម្រាប់​អន្ដរកាលយុត្តិធម៌» ដែលបានដាក់ចេញដោយឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉ែស និងពិតជា​មានមោទនភាពដែលកម្ពុជាត្រូវបានជ្រើសរើសចូលរួម ក្នុងគំនិតផ្ដួចផ្ដើមនេះ ក្នុងនាមជាប្រទេស​ឈាន​មុខមួយ នៅក្នុងចំណោមប្រទេសដែលមានសក្ដានុពលទាំង១០។ ដើម្បីសម្រេចបាន​នូវ​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្ដរជាតិបង្កើន​កិច្ចខិត​ខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បី​បញ្ចប់​សង្គ្រាម ដោះស្រាយឫសគល់នៃជម្លោះ និងពង្រឹងសាមគ្គីភាពឆ្ពោះទៅសម្រេច​បានគោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងការបង្កើនជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព។ កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះ​ប្រតិបត្តិការរក្សាសន្ដិភាពដើម្បីរួមចំណែកដល់ សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជា​កត្តា​ចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីរួមចំណែកបន្ថែមទៀត ដល់ដំណើរ​ការ​នេះ កម្ពុជាបានសម្រេចចិត្តឈរឈ្មោះជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការ​កសាង​សន្ដិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦ ហើយយើងខ្ញុំសង្ឃឹមថា​នឹង​ទទួល​បានការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខភាពរបស់យើងខ្ញុំ នៅក្នុងស្ថាប័ន​នេះ។

ជារួម ទោះបីជាយើងមានបញ្ហាប្រឈម និងអស្ថិរភាពច្រើនក៏ដោយ យើងក៏នៅតែអាចកសាងពិភព​លោកឱ្យ​កាន់តែប្រសើរសម្រាប់ទាំងអស់គ្នាបាន តាមរយៈការធ្វើការរួមគ្នាឆ្ពោះទៅរក​គោលដៅរួម​របស់យើង ព្រមទាំងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងសាមគ្គីភាពជាសកល។ កម្ពុជាគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះការអនុម័ត «សេចក្ដីថ្លែងការណ៍នយោបាយនៃកិច្ចប្រជុំកំពូល នៃគោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព» និង «សេចក្ដីព្រាងសេចក្ដីសម្រេច​នៃកិច្ចប្រជុំកំពូល​នៃអនា​គត»។ ឯកសារទាំងនេះនឹងជួយឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាននូវគន្លង​អភិវឌ្ឍន៍​របស់ខ្លួនតាមផែនការ និងសម្រេចគោលដៅត្រឹមឆ្នាំ២០៣០៕

ដោយ៖ សហការី


ចែករំលែក៖