ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបង្ហាញភាពរីករាយចំពោះវឌ្ឍនភាពលើគ្រប់វិស័យនៅកម្ពុជា និងបង្ហាញជំហរក្នុងការបន្តគាំទ្រចំពោះការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយ លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ជំនួបនាពេលនេះ មិនត្រឹមតែជាការជួបសំណេះសំណាល ប៉ុន្តែជាឱកាសពិភាក្សាការងាររួមគ្នាក្នុងភាពជាដៃគូអភិវឌ្ឍន៍ លើកិច្ចការអាទិភាពមួយចំនួនជាពិសេសក្នុងវិស័យមុខងារសាធារណៈ ស្របតាមចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

លោកស្រីអ្នកតំណាងUNDP បានបង្ហាញភាពរីករាយចំពោះវឌ្ឍនភាពលើគ្រប់វិស័យនៅកម្ពុជា និងបង្ហាញជំហរក្នុងការបន្តគាំទ្រចំពោះការអភិវឌ្ឍឱ្យកាន់តែរីក ចម្រើន ស្របពេលដែលលោកស្រីបញ្ជាក់ថា UNDP គឺ ជាដៃគូអភិវឌ្ឍន៍សំខាន់មួយរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។

ក្នុងឱកាសជំនួបនេះដែរលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកកន្លងមករបស់ UNDP និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ដោយឡែក ក្នុងវិស័យមុខងារសាធារណៈផ្ទាល់ កិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានអនុញ្ញាតអោយភាគីទាំងពីរសហការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការជាបន្តបន្ទាប់។

ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការបន្តកិច្ចសហប្រតិបតិ្តការស្របតាមអ្វីដែលមានកន្លងមក និងការគិតគូររួមគ្នាពង្រីកវិសាលភាពបន្ថែម ដើម្បីលើកកម្ពស់វិស័យមុខងារសាធារណៈ តាមរយៈការជំរុញនវានុវត្តន៍ក្នុងវិស័យផ្ទាល់ ក៏ដូចជាការទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ភាពឆ្លើយតប និងបរិយាប័ន្ន ៕

ដោយ៖ សូរិយា


ចែករំលែក៖