ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារ Gaza ក្នុងទិសដៅបី អុីរ៉ង់ព្រមានត្រៀមក្រុមប្រដាប់អាវុធសម្រាប់វាយបក

ចែករំលែក៖

ខណៈពេលដែលកងទ័ពអុីស្រាអែលបានប្រកាសថា ខ្លួនបានបញ្ចប់ការរៀបចំសម្រាប់ការវាយប្រហាររួមគ្នារវាងកងកម្លាំងនិងប្រតិបត្តិការសម្របសម្រួលក្នុងទិសដៅបីគឺ ផ្លូវអាកាស សមុទ្រ និងដីប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីបនោះមក ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់លោក Hossein Amir Abdollahian បានព្រមានថា ក្រុមតស៊ូទាំងអស់នៅក្នុងតំបន់បានដាក់ ” ម្រាមដៃនៅលើកៃ ” ត្រៀមកេះកៃបាញ់ប្រហារទៅលើទាហានអុីស្រាអែលគ្រប់ពេល ។
នៅក្នុងការវិវឌ្ឍដែលទាក់ទងនោះ សារព័ត៌មាន Tehran Times បានផ្សាយថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Beirut (លីបង់) រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Hossein Amir Abdollahian បានព្រមានយ៉ាងម៉ឺងម៉ាត់ដល់អុីស្រាអែល។ លោក Amir Abdollahian បានអំពាវនាវឱ្យអុីស្រាអែលបញ្ចប់ភាពឃោរឃៅនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា ក្រុមអ្នកតស៊ូនៅក្នុងតំបន់បាន “ដាក់ដៃលើគន្លឹះរួចរាល់” ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៉ីស្រាអែលបានចោទប្រកាន់អ៉ីរ៉ង់នៅថ្ងៃអាទិត្យនេះថា បានព្យាយាមបើកសមរភូមិសង្រ្គាមទីពីរ ដោយការដាក់ពង្រាយអាវុធនៅក្នុងឬឆ្លងកាត់ប្រទេសស៉ីរី នៅពេលដែលអ៉ីស្រាអែលបង្កើនការវាយលុកចូលភាគខាងត្បូងតំបន់ហ្គាហ្សា។
ឆ្លើយតបតាមរយៈបណ្តាញសង្គម X (Twitter) ទាក់ទងនឹងសេណារីយ៉ូខាងលើនេះ លោក
ចូសស៊ូអា ហ្សាខា (Joshua Zarka) ប្រធានកិច្ចការយុទ្ធសាស្ត្រនៃក្រសួងការបរទេសអ៉ីស្រាអែល បានបញ្ជាក់ថា «គឺពួកគេ (អ៉ីរ៉ង់) ប៉ុនប៉ង ហើយអ៉ីស្រាអែលប្តេជ្ញាចិត្តដើម្បីទប់ស្កាត់ការវិវត្តទៅរកស្ថានការណ៍បែបនោះ»។ ទោះជាយ៉ាងនេះក្តី ក៏អ៉ីរ៉ង់មិនទាន់មានការឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ស៉ីរីបានចោទប្រកាន់អ៉ីស្រាអែលថាបានធ្វើការវាយប្រហារលើអាកាសយានដ្ឋានក្នុងទីក្រុងដាម៉ាស់ (Damascus) និងអាឡិបប៉ូ (Aleppo)។ អាកាសយានដ្ឋានអន្តរជាតិទាំងពីរនេះ ត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយអ៉ីរ៉ង់ ដើម្បីផ្ទេរសព្វាវុធ បរិក្ខារ និងធ្វើប្រតិបត្តិការបញ្ជូនទៅកាន់ភ្នាក់ងាររបស់ខ្លួននៅក្នុងតំបន់ រួមទាំងក្រុមហេសបូឡាផងដែរ៕

ដោយ៖ ធីរីណា(រូប​ថត​: AP)


ចែករំលែក៖