ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) ដើម្បីជំរុញកិច្ចសហការផ្សព្វផ្សាយទេសចរណ៍សុខភាព

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council – MHTC) ដែលដឹកនាំសម្របសម្រួលដោយ លោក Shaharuddin Onn, ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោក Dato’ Suriaghandi Suppiah នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី និងសហការី ដើម្បីជួបពិភាក្សាស្វែងរកកិច្ចសហការរវាងក្រសួងព័ត៌មាន និង MHTC ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីទេសចរណ៍សុខភាពទៅកាន់ប្រទេសម៉ាឡេស៊ី។

ជំនួបនេះ មានគោលបំណងពង្រីកលទ្ធភាពក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់អំពីសេវាថែទាំសុខភាពនៅប្រទេសម៉ាឡេស៊ី ជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធ និងទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ តាមរយៈតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សេវាទេសចរណ៍សុខភាពរវាងកម្ពុជា និងម៉ាឡេស៊ី។

ជំនួបនេះក៏ជាការបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និង MHTC ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានផ្សារភ្ជាប់ព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីវិស័យសុខាភិបាល និងទេសចរណ៍សុខភាពផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖