ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ជម្រុញឱ្យក្រុមហ៊ុន BYD តម្លើងស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជាឱ្យបានច្រើន​ និងសិក្សា​លទ្ធភាព​សង់​រោងចក្រផលិតគ្រឿងបង្គុំ​យានយន្តនៅកម្ពុជា

ចែករំលែក៖

ប្រទេសចិន​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​​អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញ​ឱ្យ​ក្រុមហ៊ុនផលិត​យានយន្តអគ្គិសនីដ៏ធំ BYD របស់ចិន សិក្សា​លទ្ធភាពក្នុងការសាងសង់រោងចក្រសង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត​នៅប្រទេសកម្ពុជា។​ ការថ្លែងបែបនេះ​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ក្នុង​ដំណើរទស្សនកិច្ច​នៅ​ទីក្រុង​ឧស្សាហកម្ម​ Shenzhen ក្នុងជំនួប​ជួប​ពិភាក្សាជាមួយអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន BYD អំពីកិច្ចការងារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ បន្ថែមពីនេះលោក​ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រសង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្តនៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្មដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនក្រុមហ៊ុនអំពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។

ជាងនេះទៅទៀត ដើម្បីជម្រុញការបណ្ដាក់ទុនក្នុងក្របខណ្ឌយានយន្តអគ្គសនីឱ្យបានកាន់តែច្រើន លោក​ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានាដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លង​មក​លើ​វិស័យយានយន្តអគ្គិសនី(EV) ជូនមកកម្ពុជា ដើម្បីអាចឱ្យក្រសួងពាក់ព័ន្ធទទួលបានជាធាតុចូលសម្រាប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន BYD របស់​ចិន ក៏បានជម្រាបរាយការណ៍ពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា​។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនកំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន ២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន ២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤។ក្រោយពីការពង្រីកអាជីវកម្មនេះ ក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។

លើសពីនេះទៅទៀត រថយន្តប្រភេទថ្មីផ្សេងៗទៀតក៏នឹងត្រូវបានក្រុមហ៊ុននាំយកចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយហេតុថាក្រុមហ៊ុនបានមើលឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសង្គម គោលនយោបាយឌីជីថលកម្ពុជា និងពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍យានយន្តអគ្គីសនីក្នុងប្រទេសកម្ពុជា៕

ដោយ​៖ សហការី​


ចែករំលែក៖