ភ្នំពេញ ៖ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅបន្ទប់សណ្ឋាគារកណ្ដាលសួន ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនជនជាតិវៀតណាម ១៦នាក់។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនិយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា ; កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងសណ្ឋាគារកណ្តាលសួន ឈានដល់ការបង្ក្រាបជាក់ស្ដែង ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសណ្ឋាគារកណ្ដាលសួន (ទល់មុខការ៉ាអូខេ BOEING) ចំណុចបន្ទប់ A835, 823 និង 821 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីគនរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់សារព័ត៌មាន ក្នុងស្រុកនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះថា ការបង្ក្រាបជាក់ស្តែងករណីគ្រឿងញៀនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦នាក់ (ស្រី៨នាក់) ជនជាតិវៀតណាម។
ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញចាប់យក វត្ថុតាងសារធាតុញៀនមួយចំនួន ខណៈជនសង្ស័យបានចាក់គ្រឿងញៀនចូលក្នុងបង្គន់ប្រមាណ ០១គីឡូក្រាមផងដែរ រួមទាំងវត្ថុតាងមួយចំនួនទៀតដូចជា ទូរស័ព្ទចំនួន ២៥គ្រឿង, Laptob ចំនួន ១គ្រឿង, ម៉ាស៊ីនចាក់ភ្លេងចំនួន ២គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន បោសសម្អាតឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់នូវបញ្ហាគ្រឿងញៀននេះ។
សូមរំលឹកផងដែរថា , គ្រឿងញៀនបានបំផ្លាញអនាគត ដល់យុវជន ប្រជាពលរដ្ឋ ។ ដូច្នេះសូមជនរួមជាតិ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងសូមឲ្យសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹម ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រឿងញៀន ដើម្បីរក្សាឲ្យបាននូវធនធានមនុស្ស ក៏ដូចជាភាពសុខសាន្ត របស់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ចជំនាញ ដែលបានយកចិត្តទុកដាក់ ប្រើប្រាស់វិធានការជំនាញ ស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់បង្ក្រាបបទល្មើសជាក់ស្ដែង ៕
ដោយ ៖ សហការី