ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង និងមន្ដ្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យទីតាំងមន្ទីរពេទ្យតេជោសន្ដិភាព ខណៈសម្ដេចមហាបវរធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃទី២៤តុលា ជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ តុលា ២០២៣បានដឹកនាំ មន្ដ្រី អាជ្ញាធរ កងកម្លាំង និងមន្ទីរពាក់ព័ន្ធចុះពិនិត្យទីតាំងរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ខណៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព បើកសម្ពោធមន្ទីរពេទ្យជាតិដ៏ធំនេះជាផ្លូវការ នៅព្រឹកថ្ងៃ ទី២៤តុលានេះ 

   មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ហើយក្នុងពិធីសម្ពោធជាផ្លូវការនាថ្ងៃស្អែកនេះ នឹងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមប្រមាណ៣ពាន់នាក់។

   មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២ ០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ,លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធ ភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដឡើយ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»។

    សូមបញ្ជាក់ថា៖ មន្ទីរពេទ្យនេះមាន អគារ សម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ ,អគារសម្រាកព្យាបាលកម្រិតធ្ងន់  អគារសម្រាកព្យាបាលកម្រិតស្រាលជាមួយ និងអគារ បច្ចេកទេស (T) មានចំណតរថយន្ត (P) សួនច្បារ (G3) អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ហើយអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltdសហការជាមួយសាលារាជធានីភ្នំពេញ ដែលមានគ្រែអ្នកជម្ងឺជិត១ម៉ឺនគ្រែ ។ ពាក់ព័ន្ធនឹងពិធីបើកសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាពខាងលើនេះ កាលពីថ្ងៃទី១៩ ខែ តុលាឆ្នាំ២០២៣កន្លងមកនេះ រដ្ឋ បាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ គឺមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់មហាវិថីឈ្នះឈ្នះចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ចាប់ពីវេលាម៉ោង០៥:០០នាទីព្រលឹមតទៅ រហូតដល់កម្មវិធីត្រូវបានបញ្ចប់៕ 

        

ដោយ៖ សំរិត


ចែករំលែក៖