ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។
ពិធីមីទ្ទីញអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាព ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ ខ្ញុំ មានហឫទ័យរីករាយអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ដោយបានចូលរួមប្រារព្ធពិធី មីទ្ទិញដ៏មហោឡារិក ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត នៃមាតុ ភូមិកម្ពុជាយើងដែលបានទទួលនូវឯករាជ្យបរិបូណ៍ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគម និយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តមរបស់ ព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមនាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និង សព្ទសាធុការពរ បវរមហាប្រសើរពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសព្រះអង្គ និងរូបខ្ញុំផ្ទាល់ សូមអរគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ និងជូនសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ ទាំងអស់ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រារព្ធដ៏មហោឡារិកនូវពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ខួប ១១ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ ។
សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ និងប្រិយមិត្តបរទេស ជាទីមេត្រី
បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារំលឹក ពីឧត្តមគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គា្ននៅ ចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជ នីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។ ប្រជារាស្ត្រកម្ពុជាគ្រប់ភូមិឋានបានចូលរួមក្នុងចលនា ជីវពលនារីក្លាហាន ហើយមករួមរស់ជាមួយនឹង ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង នៅទីនោះ “ព្រះករុណា ព្រះបរម រតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះបន្ទូលថាព្រះអង្គមិនយាងមកកាន់ រាជធានីភ្នំពេញវិញឡើយ ដរាបណាព្រះអង្គមិនបានទទួលឯក៍រាជ្យពេញបរិបូណ៌ មកជូនជាតិ មាតុភូមិវិញ ។ នៅពេលនោះដោយឃើញថាខ្លួនអាចពើបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុង ប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់ព្រមធ្វើការជា មួយនឹងខ្មែរ ដើម្បីផ្ទេរថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង នូវអំណាចនិង សមត្ថកិច្ចលើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាឯករាជ្យនៅឡើយ ។
ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរ បានខិតខំធ្វើការដ៏ត្រឹមត្រូវនៅរាជធានី ភ្នំពេញរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរ ដែលនៅថ្ងៃនោះ លោកអគ្គមេបញ្ជាការ សេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលា ព្រះករុណាព្រះមហាវីរក្សត – ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញ ឡើយ ។ ដូច្នេះចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាយើង មានឋានៈស្មើ នឹងសាធារណរដ្ឋបារាំង គឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌ ។
បន្ទាប់ពីបានទទួលឯករាជ្យពេញលេញ ប្រជាជាតិកម្ពុជាមានឱកាសកសាងមាតុភូមិ ដោយផ្ទាល់ ។ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានស្ថាបនា សង្គមរាស្ត្រនិយម បំពេញព្រះរាជកិច្ចដឹកនាំលើមាគ៌ាដ៏ភ្លឺស្វាង ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវបូរណភាពទឹកដី និងមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ព្រះរាជាណាច់ក្រ កម្ពុជាទទួលបាននូវកិត្តិនាមល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ។ បណ្តាប្រទេសជាមិត្តបានចាត់ទុក ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសអព្យាក្រឹត ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ។ សមិទ្ធផលនានាជាច្រើនត្រូវបានកសាងឡើង និងបានប្រារព្ធព្រះរាជពិធីសម្ពោធជាបន្ត
បន្ទាប់ សម្រាប់ប្រជារាស្ត្រប្រើប្រាស់នៅតាមខេត្ត ក្រុងនានាទូទាំងប្រទេស។ អាស្រ័យដោយស្នាព្រះហស្តដ៏ធំធេងនេះ ប្រជារាស្ត្រខ្មែរបានថ្វាយព្រះបរមនាមព្រះអង្គថា ព្រះមហាវីរបុរសជាតិ – ព្រះបិតាឯករាជ្យជាតិ – ព្រះបិតាការពារជាតិ – ព្រះបិតាសិក្សាធិការជាតិ – ព្រះបិតាសុខាភិបាលជាតិ – ព្រះបិតាកីឡាជាតិ – ព្រះបិតាស្ថាបនាជាតិ – ព្រះអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ៕
ដោយ ៖ សិលា